
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ដាតុ ម៉ូហាម៉េត នីហ្សាម ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានអញ្ជើញមកដល់កម្ពុជា ដើម្បីជួបប្រជុំជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការពិភាក្សាការងារសម្របសម្រួលការអនុវត្ត “បទឈប់បាញ់” រវាងកងទ័ពកម្ពុជា-ថៃ និងធ្វើកិច្ចការងារពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា កម្ពុជា និងថៃ បានយល់ព្រម និងឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ ដោយឥតលក្ខខណ្ឌ រវាងកងទ័ពទាំងពីរ និងបានចូលជាធរមាន កាលពីម៉ោង២៤និង០០នាទីយប់មិញនេះ។ បន្ទាប់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរកម្ពុជា-ថៃ បានទទួលយកបទឈប់បាញ់ ក្នុងកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលសហរៀបចំកិច្ចប្រជុំដោយសហរដ្ឋអាមេរិក មានតំណាងប្រទេសចិន និងម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ានប្តូរវេនជម្លោះព្រំដែនកម្ពុជា-ថៃ ឈានដល់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធដាក់គ្នា ចាប់ផ្តើមផ្ទុះឡើងកាលពីព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលភាគីថៃ បានធ្វើការបាញ់ប្រហារមកលើយោធាកម្ពុជាមុន នៅតំបន់ប្រាសាទតាមាន់ធំ និងរាលដាលដល់តំបន់ផ្សេងៗទៀត ក្រៅពីតំបន់មានជម្លោះ ដោយភាគីថៃ ប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទបាញ់ផ្លោងចូលទឹកដីកម្ពុជា រហូតប្រើប្រាស់ដ្រូនអត្តឃាត យន្តហោះចម្បាំង F-16 យន្តហោះទម្លាក់គ្រាប់បែកចង្កោម បាញ់ផ្សែងគីមីពុល ជាដើម។
ការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរអស់រយៈពេល៥ថ្ងៃ គិតត្រឹមយប់ថ្ងៃទី២៨ ខែកក្កដានេះ បានធ្វើឱ្យយោធា ជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ ហើយមានជនភៀសសឹកកាន់កើនច្រើនឡើង ទើបធ្វើឱ្យសហគមន៍អន្តរជាតិ និងប្រទេសមហាអំណាចលើកពិភពមានការព្រួយបារម្ភ ព្រោះប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ និងអន្តរជាតិ ក៏បានផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានបទឈប់បាញ់បន្ទាន់ ដើម្បីកាត់បន្ថយកំដៅ និងងាយទៅរកតុចរចារដោះបញ្ហាជម្លោះដោយសន្តិវិធី និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ៕

