2025-07-28 19:50
157

ពោធិ៍សាត់៖ ស្ថានភាពនយោបាយ និងសង្គមបច្ចុប្បន្ន បានបង្ហាញពីការរួបរួមចិត្ត ដ៏រឹងមាំរវាងប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស បានគាំទ្រយ៉ាងពេញទំហឹងដលវីរៈកងទ័ពជួរមុខ តាមការផ្ដល់នូវសម្ភារៈ គ្រឿងបរិភោគឧបភោគគ្រប់បែបយ៉ាង រួមទាំងថវិកា ដើម្បីជួយដល់កងទ័ពជួរមុខ និងជនភៀសសឹកនៅព្រំដែនខេត្តពោធិ៍សាត់។

តាមរយៈសកម្មភាពជាភស្តុតាងនៃចរិតសប្បុរស និងស្មារតីសាមគ្គីរបស់ជនរួមជាតិ ចាប់តាំងពីពួកចោសៀមបានបើកការឈ្លានពានបាញ់ប្រហារកាំភ្លើងធុនធ្ងន់មកលើទឹកដីរបស់កម្ពុជា ដែលនៅជាប់ព្រំដែន ខ្មែរសៀម ស្ថិតនៅក្នុង ឃុំថ្មដា ស្រុកវាវែង ខេត្តពោធិ៍សាត់ តាំងពីព្រលឹមម៉ោង ០៥និង០២នាទី នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោក ខួយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា៖ នេះគឺជាការផ្តល់ជំនួយដោយស្ម័គ្រចិត្ត មិនមែនត្រឹមតែជាការសម្រេចចិត្តផ្ទាល់ខ្លួននៃមនុស្សម្នាក់ៗទេ ប៉ុន្តែវាជាការសម្ដែងនៃសីលធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ និងមានការរួមចំណែកយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះអ្នកដែលកំពុងប្រឈមមុខនឹងភាពលំបាក ដែលបង្ហាញថា កម្មវិធី ឬយុទ្ធនាការផ្តល់ជំនួយក្នុងសង្គមទាំងមូល កំពុងក្លាយជាចលនាដែលមានឥទ្ធិពល និងជះឥណទានដល់គោលនយោបាយសង្គមជាតិយ៉ាងផុសផុលផងដែរ។

ចំពោះការចូលរួមជួយគ្នាក្នុងគ្រាលំបាកនេះ ជាគន្លងដ៏សំខាន់មួយក្នុងការទប់ស្កាត់បញ្ហាសង្គមផ្សេងៗ ដូចជា ការខ្វះអាហារ អន្តរាយសុខភាព និងការបាត់បង់សុវត្ថិភាពក្នុងជីវិតប្រចាំថ្ងៃ។ វាជាសារៈសំខាន់ដែលបញ្ជាក់ថា ពេលប្រទេសជាតិមានវិបត្តិ ប្រជាជនខ្មែរនៅតែរួមស្ម័គ្រចិត្តជួយគ្នា ដោយគ្មានការចាំបាច់ឱ្យមានការបង្ខំឬបញ្ជា។

លោកអភិបាលខេត្តបានបន្ថែមថា ដោយសារតែជំនួយដ៏ច្រើន និងបន្តបន្ទាប់ទាំងនេះ កងទ័ព និងជនភៀសខ្លួនទាំងឡាយ មានឱកាសល្អក្នុងការថែទាំសុខភាព បន្ថយទុក្ខលំបាក និងមានកម្លាំងបន្តការរស់នៅ និងការពារជាតិជាបន្ត។ ការរួមចំណែករបស់ប្រជាពលរដ្ឋ គឺជាការបង្ហាញនូវអារម្មណ៍ជាតិ និងស្មារតីសាមគ្គីយ៉ាងជ្រាលជ្រៅ ដែលត្រូវបានគាំទ្រដោយទឹកចិត្តសប្បុរស និងគំនិតរួមគ្នា ដើម្បីជួយជាតិជារួម។

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនេះ ហើយសន្យាថានឹងប្រើប្រាស់ធនធានទាំងនេះយ៉ាងមានប្រសិទ្ធភាព ដើម្បីជួយសង្គ្រោះ និងគាំទ្រចំពោះកម្លាំងជួមុខ និងជនរងគ្រោះឱ្យទាន់ពេលវេលា៕ លាន គ្រន