2025-07-28 14:23
96

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចាក់ថា៖  «គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរច្បាស់លាស់ ក្នុងការជំរុញឱ្យមាន “បទឈប់បាញ់គ្នាបន្ទាន់” រវាងកងទ័ពកម្ពុជា-ថៃ»។

អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងបន្ថែមទៀតថា ការជំរុញឱ្យមានបទឈប់បាញ់បន្ទាន់នេះ គឺស្របតាមតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាតិ លើកនៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងស្របតាមការព្រមព្រៀងគ្នារវាង នាយករដ្ឋមន្ត្រីនៃប្រទេសពីរកម្ពុជា-ថៃ ដែលបានយលព្រមតាមសំណើរឱ្យ “បទឈប់បាញ់គ្នា” របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក៏មានគំនិតផ្តួចផ្តើមឱ្យមាន “បទឈប់បាញ់គ្នាបន្ទាន់” រវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ហើយនាយករដ្ឋមន្ត្រីទាំងពីរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ ក៏បានឯកភាពតាមសំណើររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ព្រមទាំងស្របតាមការអំពាវនាវជាទូទៅរបស់សហគមន៍អន្តរជាតិ ផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបានលើកឡើងថា កាលពីយប់ថ្ងៃអាទិយ្យ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានជំនួបតាមទូរសព្ទជាមួយសមភាគីម៉ាឡេស៊ី ដើម្បីពិក្សាអំពីការរៀបចំកិច្ចប្រជុំពិសសេសរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ ដែលសហរដ្ឋអាមេរិកជាអ្នកផ្តួចផ្តើមគមនិតក្នុងការរៀបចំកិច្ចប្រជុំនេះ មានតំណាងនៃប្រទេសចិនចូលរួម និងម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងសម្រេចឱ្យបាននូវបទឈប់បាញ់គ្នាបន្ទាន់មួយ។

លោក ជុំ សុន្ទរី បានបន្ថែមទៀតថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មានជំនួបដាច់ដោយឡែកមួយទៀតជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio ដើម្បីពិភាក្សាគ្រប់គ្រងសភាពការណ៍តានតឹងនៅព្រំដែនកម្ពុជា-ថៃ ជាពិសេសជំរុញគំនិតផ្តួចផ្តើមឱ្យមាន “បទឈប់បាញ់គ្នាបន្ទាន់” របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានយល់ព្រម និងឯកភាពគ្នាតាមសំណើររបស់ប្រធានាធិបតីអាមេរិក និងសរសេរលិខិតផ្ញើជូនអគ្គលេខាធិការអាស៊ាន លោក កែវ គឹមហួន ដើម្បីជម្រាបជូនអំពីការវិវឌ្ឍថ្មីនៃភាពតានតឹងរវាងកម្ពុជា-ថៃ និងបានគូសបញ្ជាក់ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា៕