
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែកក្កដា ឆ្ន២០២៥នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែសីហា ខាងមុខនេះ បានសម្រចពន្យាពេលការប្រឡងទៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៥វិញ។ ការពន្យាពេលនៃការប្រឡងនេះ គឺដោយសារតែបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងជួបបញ្ហាតានតឹងនៃជម្លោះព្រំដែនជាមួយប្រទេសថៃ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ «ការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រោងធ្វើថ្ងៃ១៨-១៩សីហាត្រូវពន្យារពេលទៅថ្ងៃ២៨-២៩សីហាវិញ។ ចំពោះបេក្ខជននៅខេត្តឧត្តរមានជ័យ និងព្រះវិហារ អាចប្រទ្បងនៅខេត្តខ្លួន ឬនៅខេត្តផ្សេងក៏បានប្រសិនបើភៀសសឹក»។
សូមជម្រាបថា នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើស្ថានភាពអប់រំតាមខេត្តជាប់ព្រំដែន និងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ មន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ ២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធអនឡាញផងដែរ។
ក្នុងកិច្ចប្រជុំខាងលើនេះ ដែលត្រូវបានរៀបចំជាបន្ទាន់ ដោយឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយមានគោលបំណង ការពិនិត្យរបាយការណ៍សង្ខេបនៃវិស័យអប់រំតាមបណ្តាលខេត្តកំពុងមានបញ្ហាផ្ទុះអាវុធ, ការពិនិត្យ ថ្លឹងថ្លែងលើស្ថានភាពជាក់ស្តែង រួមទាំងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការពិនិត្យពីស្ថានភាពជាក់ស្តែងរបស់សិស្សដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសថៃផងដែរ។
បន្ទាប់ពីចប់កិច្ចប្រជុំបន្ទាន់នេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសលើកពេលការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រោងធ្វើនៅថ្ងៃ១៨-១៩សីហា ទៅថ្ងៃ២៨-២៩សីហាវិញ ដោយសារប្រទេសជាតិកម្ពុជាជួបបញ្ហាជម្លោះព្រំដែនជាមួយថៃ៕

