
ឧត្តមានជ័យ៖ ជនជាប់ឃុំ ចំនួន ១ ១១៤ នាក់ ត្រូវបានជម្លៀសពីពន្ធនាគារខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលមានហានិភ័យខ្ពស់ពីការទំលាក់គ្រាប់ និងគ្រាប់ផ្លោងពីទាហ៊ានឈ្លានពានសៀមមកលើទឹកដីកម្ពុជានៅតាមបន្ទាត់ព្រំដែន ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់ជនជាប់ឃុំ នៅវេលាម៉ោង៥:00នាទីព្រឹក។ នេះបើតាមការបញ្ជាក់ពីលោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។
ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានបញ្ជាក់ថា ដោយទទួលបានគោលការណ៍អនុញ្ញាត និងមតិណែនាំរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន បានអញ្ជើញចុះអនុវត្តន៍បញ្ជាផ្ទាល់ធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំ ចំនួន ១ ១១៤ នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់នៅតាមបន្ទាត់ព្រំដែន ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់ជនជាប់ឃុំ នៅវេលាម៉ោង ០៥និង00នាទីព្រឹក និងមកដល់គោលដៅ នៅវេលាម៉ោង ១០និង២០នាទីព្រឹក ប្រកបដោយសុវត្ថិភាព។
ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានបន្ថែមទៀតថា ប្រត្តិបត្តិការខាងលើបានប្រើប្រាស់កម្លាំងសរុប១១៥ នាក់ និងរថយន្តដឹកជញ្ជូន ចំនួន ២៥ គ្រឿង៕

