2025-07-28 13:02
74

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ «ថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូមួយក្រុមចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលរៀបចំដោយសហរដ្ឋអាមេរិក តំណាងប្រទេសចិន និងម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ»។

លោក ប៉ែន បូណា បានបញ្ជាក់ទៀងថា៖ «កិច្ចប្រជុំពិសេសនេះ គឺគោលបំណងសម្រេចឱ្យបាននូវ “បទឈប់បាញ់បន្ទាន់” រវាងកងទ័ពកម្ពុជា-ថៃ ស្របតាមការឯកភាពរវាងប្រទេសទាំងពីរតាមគំនិតផ្តួចផ្តើមរបស់ប្រធានធិបតីអាមេរិក លោក Donald Trump ក្នុងជំនួបកាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា កន្លងទៅ»។

ការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាល បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ប៉ែន បូណា បានរំលេចថា៖ «កិច្ចប្រជុំនៅថ្ងៃនេះ គឺជាការខិតខំប្រឹងប្រែង ដើម្បីស្វែងរកបទឈប់បាញ់តាមការសន្យារវាងប្រទេសទាំងពីរកម្ពុជា-ថៃ ហើយសម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីផងដែរ ដែលបានផ្តូចផ្តើមគំនិត និងសម្របសម្រួលឱ្យមានកិច្ចប្រជុំនេះឡើយ»។

កាលពីយប់ថ្ងៃអាសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ហើយលោកប្រធានាធិបតីអាមេរិក បានលើកសំណើរឱ្យមាន “បទឈប់បាញ់គ្នាបន្ទាន់” រវាងយោធាកម្ពុជា-ថៃ ហើយកម្ពុជាបានឯកភាពទាំងស្រុងតាមសំណើររបស់ Trump។ កិច្ចសន្ទនាដោយឡែងមួយទៀត រវាងលោកប្រធានាធិបតី Donald Trump ជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ លោក Phumtham Wechayachai ហើយនាយករដ្ឋមន្ត្រីស្តីទីថៃ បានទទួលយកសំណើរ “បទឈប់បាញ់បន្ទាន់” ដូចគ្នា។

ប៉ុន្តែអ្វីដែលជាកក់សម្គាល់នោះ ពេញមួយថ្ងៃអាទិត្យ ម្សិលមិញ កងទ័ពថៃបន្តវាយប្រហារឥតឈប់ឈរមកលើកងទ័ពកម្ពុជាដដែល រហូតមកដល់ព្រឹកថ្ងៃចន្ទនេះ។ សំណើរបទឈប់បាញ់បន្ទាន់របស់ប្រធានាធិបតីអាមេរិកបានស្នើ គឺសមស្របណាស់តាមអ្វីដែកម្ពុជាចង់បាន ព្រោះកម្ពុជាចង់បានសន្តិភាព និងគោរពច្បាប់អន្តរជាតិ ដែលជាជំហរឥតប្រែប្រួលរបស់កម្ពុជា៕