
អំពើរើងអើង ការប្រើអំពើហិង្សា គំរាមកំហែងដល់សុវត្ថិតភាព លើពលករខ្មែររស់នៅប្រទេសថៃ បានកើតមានក្រោយពីពេលមានការឈ្លានពានខាងយោធាពីភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ។
ក្រសួងការងារកម្ពុជា បានកក់សម្គាល់ឃើញថា៖ «មានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរជាច្រើនទម្រង់ ដូចជា ការគំរាមមិនផ្តល់ប្រាក់ខែ ដើម្បីបង្ខំឱ្យពលករខ្មែរបន្តធ្វើការងារបើទោះបីជាពលករខ្មែរ បានស្នើសុំឈប់ពីការងារ, ការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលករខ្មែរ និងការគំរាមកំហែងផ្សេងៗ រហូតធ្វើឱ្យពលករខ្មែរមួយចំនួនមាន ការភ័យខ្លាចមិនហ៊ានចេញពីកន្លែងធ្វើការ ឬមិនហ៊ានធ្វើដំណើរចេញពីកន្លែងស្នាក់នៅដោយភ័យខ្លាចរងនូវ អំពើហិង្សានានា»។
ជាមួយនឹងការកត់សម្គាល់ទាំងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
ក្រសួង និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងបង្កើន និងផ្តល់ឱកាសការងារក្នុងប្រទេសជាច្រើន ជូនបងប្អូនពលករខ្មែរ ទាំងអស់ក្រោយពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ និងធានានូវការទទួលបានការងារសមរម្យ របប សន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ទាំងនៅពេលកំពុងធ្វើការ ទាំងពេលចូលនិវត្តន៍។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏សូមអំពាវនាវទៅដល់អាជ្ញាធរមានសមត្ថកិច្ចថៃ ក៏ដូចជាក្រសួង ការងារថៃ ធ្វើការស៊ើបអង្កេត និងចាត់វិធានការឱ្យបានម៉ឺងមាត់ ដើម្បីដោះស្រាយករណីការរើសអើង និងការប្រើ ហិង្សាដែលបានកើតឡើងលើពលករខ្មែរ នាពេលកន្លងមក ព្រមទាំងដាក់ចេញនូវយន្តការបង្ការ និងទប់ស្កាត់ឱ្យបានច្បាស់លាស់និងប្រកបដោយប្រសិទ្ធភាព ក្នុងនាមជាសមាជិក នៃអង្គការអន្តរជាតិខាងការងារ និងអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍។
ក្រសួងការងារបានបញ្ជាក់ថា បងប្អូនពលករខ្មែរដែលរងការរើសអើង ឬអំពើហិង្សាណាមួយ ឬមានការសង្ស័យ ឬទទួលបានព័ត៌មាន អំពីសកម្មភាពទាំងនេះនៅប្រទេសថៃ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក អនុព័ន្ធការងារនៅទីក្រុងបាងកក, ការិយាល័យអង្គការអន្តរជាតិខាងការងារ, ការិយាល័យអង្គការអន្តរជាតិទេសន្តរប្រវេសន៍ និងមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅទីក្រុងបាងកកជាដើម៕








