
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញញ្ជាក់ថា៖ «ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរ មកពីប្រទេសថៃចូលកម្ពុជា និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះសុខទុក្ខយ៉ាងខ្លាំងយ៉ាងខ្លាំង និងបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃផ្ទុះអាវុធដំបូង ទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ»។
ដើម្បីសម្របសម្រួលជូនដល់បងប្អូនពលករខ្មែរវិលពីប្រទេសថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្ត ជាប់ព្រំដែនថៃទាំង៧ខេត្ត ឱ្យធ្វើការសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។ ក្នងនោះ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតផងដែរ។
រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការ ដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ នៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធរៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅ និងសុខសមាលភាពរបស់បងប្អូនក្នុងដំណាក់កាលលំបាកនេះ។
ជាមួយគ្នាដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី សូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ បណ្ដាអង្គភាពកងទ័ព ថ្នាក់ដឹកនាំជាតិ និងក្រោមជាតិ សហការគ្នារៀបចំពិធីបុណ្យសពយុទ្ធជនពលី និងដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរៈជនរបស់ជាតិខ្មែរយើង។
ក្នុងពេលជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។
សម្តេចនាយករដ្ឋមន្ត្រី ក៏សូមអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រ និងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ៕
