
ភ្នំពេញ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់នៅវេលាម៉ោង៣រសៀលថ្ងៃសុក្រនេះ ម៉ោងនៅសហរដ្ឋអាម៉េរិក ត្រូវនឹងម៉ោង២ទាបភ្លឺម៉ោងនៅក្នុងប្រទេសកម្ពុជាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ តាមការស្នើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
នេះបើតាមការបញ្ជាក់ របស់ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសន្និសិទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «ដោយសារមានភាពបន្ទាន់ និងរហ័សពេកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលត្រូវអញ្ជើញចូលរួមប្រជុំដោយផ្ទាល់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ប៉ុន្តែមិនអាចទៅទាន់ពេលវេលា និងបានរៀបចំឱ្យឯកអគ្គរាជទូតជាព្រះរាជតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាតិចូលរួមថ្លែងបទអន្តរាគមន៍»។
អ្នកនាំពាក្យក្រសួងការបរទេស បានសង្កត់ធ្ងន់ថា៖ «បទអន្តរាគមន៍ក្នុងកិច្ចប្រជុំនេះ ត្រូវបានរៀបចំយ៉ាងម៉ត់ចត់របស់ឯកអគ្គរដ្ឋទូត និងថ្នាក់ដឹកនាំក្រសួងការបរទេស ដើម្បីថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ»៕


