
ភ្នំពេញ៖ នាវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ជាមួយ ប្រធានាបតីសហរដ្ឋអាមេរិក លោក Donald Trump ថា «កម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។
ហើយជំហរនេះសម្តេចធ្លាប់បានបញ្ជាក់ជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន កាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅផងដែរ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានឱ្យដឹងថា៖ «នៅយប់ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចបានពិភាក្សាតាមទូរសព្ទជាមួយ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ»។
សម្តេចធិបតីបានបញ្ជាក់ថា៖ «នៅក្នុងកិច្ចសន្ទនានោះ ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់អំពីឆន្ទៈរបស់លោកដែលមិនចង់ឃើញមានសង្គ្រាម ឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់ និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ព និងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយបានជាលោកតែងតែខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក»។
សម្តេចបានបន្ថែមទៀតថា៖ «ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ»។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ជាមួយលោកប្រធានាធិបតី Donald Trump ថា «កម្ពុជាឯកភាពជាមួយសំណើរឱ្យមាន “ការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌ” រវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះសម្តេចក៏ធ្លាប់បានបញ្ជាក់ជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន កាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅផងដែរ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា៖ «ជាដំណឹងល្អដែលសម្តេចបានទទួលពីលោក Donald Trump ក្រោយពីលោកបានពិភាក្សាជាមួយ លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់លោកប្រធានាធិបតី ស្តីពី “ការឈប់បាញ់គ្នាភ្លាម” ផងដែរ។ នេះគឺជាដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ»។
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី នាយករដ្ឋមន្ត្រី សង្ឃឹមថា «ភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដា ក្រោមការជួយសម្របសម្រួលរបស់លោក Anwar Ibrahim នោះទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចជូន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យបន្តកិច្ចការងារនេះដោយពិភាក្សាជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ដែលបានព្រមព្រៀងគ្នាឲ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់ និងរបួសរបស់កងទ័ពនិងប្រជាពលរដ្ឋទាំងសងខាង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមអរគុណយ៉ាងជ្រាវជ្រៅចំពោះ ប្រធានាធិបតី Donald Trump ដែលបានផ្តួចផ្ដើមគំនិត និងសម្របសម្រួល ដើម្បីស្វែងរក “ការឈប់បាញ់ភ្លាម និងសន្តិភាព” រវាងកម្ពុជា និងថៃនាពេលនេះ។
សម្តេចសង្កត់ធ្ងន់ថា៖ «លទ្ធផលដ៏ល្អនេះ ពិតជានឹងជួយការពារអាយុជីវិតរបស់កងទ័ព និងដូចប្រជាពលរដ្ឋស៊ីវិលជាច្រើននាក់ទាំងខ្មែរទាំងថៃ ដែលអាចបាត់បង់ដោយសារការប្រយុទ្ធគ្នា ឬក៏រងរបួស និងជួយឲ្យជនភៀសខ្លួនរាប់សែននាក់អាចបានត្រឡប់ទៅរស់នៅក្នុងភូមិឋានរបស់ខ្លួនវិញ ដើម្បីបន្តដំណើរការជីវិតជាប្រចាំថ្ងៃរបស់ពួកគាត់ដោយសេចក្តីសុខ និងសន្តិភាព»៕
