2025-07-27 12:26
8

ភ្នំពេញ៖ ប្រធានធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចូលខ្លួនដើរតួអ្នកសម្របសម្រួល ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ ដោយបានលើកសំណើរ និងជំរុញដល់ភាគីទាំងពីរឱ្យមានបទឈប់បាញ់បន្ទាន់ និងសន្តិភាព។ បន្ទាប់ពីការជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសទាំងពីរ គឺភាគីនៃជម្លោះបានយល់ព្រម និងឯកភាពជួបគ្នាបន្ទាន់ ដើម្បីរៀបចំឱ្យមាន “បទឈប់បាញ់”។

តាមរយៈបណ្តាញសង្គម Trust Social ប្រធានធិបតីអាមេរិក Donald Trump នៅយប់ថ្ងៃទី២៦ ខែកក្កដានេះ បានបញ្ជាក់ថា លោកទើបតែបានទូរសព្ទជាមួយនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយបានជម្រាបអំពីការពិភាក្សារបស់លោកជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ លោក Phumtham Wechayachai ដើម្បីឱ្យភាគីទាំងពីរចរចាគ្នាស្វែងរក “បទឈប់បាញ់ជាបន្ទាន់ និងសន្តិភាព”។

លោក Donald Trump បានបញ្ជាក់ថា៖ «កម្ពុជា និងថៃ កំពុងតែចង់ចរចារៀងៗខ្លួនជាមួយអាមេរិកទាក់ទងនឹងបញ្ហាជញ្ជីងពាណិជ្ជកម្ម ប៉ុន្តែលោកគិតថានេះជាពេលដែលមិនសមរម្យក្នុងការចរចាពាណិជ្ជកម្មទេ បើប្រទេសទាំងពីរមិនបញ្ឈប់ការប្រយុទ្ធគ្នានោះ»។ លោក Donald Trump ក៏បានបញ្ជាក់បន្ថែមថា «ពួកគេបានយល់ព្រមជួបគ្នាជាបន្ទាន់ និងឆាប់ដោះស្រាយបញ្ហាជម្លោះ គឺ “បទឈប់បាញ់ “និងឆ្ពោះទៅរកសន្តិភាព”។ 

លោក Donald Trump ក៏បានលើកឡើងថា៖ «ប្រទេសកម្ពុជា និងថៃ មានប្រវត្តិសាស្រ្ត វប្បធម៌ដ៏យូរលង់ និងល្បីល្បាញ។ លោកសង្ឃឹមថាប្រទេសទាំងពីរនឹងចុះសម្រុងគ្នាជាច្រើនឆ្នាំតទៅមុខទៀត។ នៅពេលដែលអ្វីៗត្រូវបានបញ្ចប់ហើយសន្តិភាពបានមកដល់ នោះលោកទន្ទឹងរង់ចាំបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់យើងជាមួយប្រទេសទាំងពីរ»។

លោក Donald Trump ជឿជាក់ថា «ជម្លោះព្រំដែលរវាងកម្ពុជា-ថៃ ក៏អាចបញ្ចប់បានដូចករណី ឥណ្ឌា-ប៉ាគីស្ថានដូចគ្នាដែរ»។

ពាក់ព័ន្ធបញ្ហានេះ លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ បានសរសេរលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា៖ «មុននេះបន្តិចលោកបានជួបតាមទូរសព្ទជាមួយ Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានស្នើឱ្យថៃ និងកម្ពុជា មានបទឈប់បាញ់បន្ទាន់ ព្រោះសហរដ្ឋអាមេរិកមានការព្រួយបារម្ភការអំពីជម្លោះនេះ»។ 

នាយករដ្ឋមន្ត្រីស្តីទីថៃ បញ្ជាក់ក្នុងសំណេរថា៖ «អរគុណចំពោះការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីជម្លោះនេះ ហើយថៃយល់ព្រមឱ្យមានបទឈប់បាញ់ និងបានស្នើឱ្យTrump ជួយបញ្ជូនសារនេះទៅកាន់កម្ពុជា ដោយភាគីថៃ ចង់ធ្វើការចរចារទ្វេភាគីជាមួយកម្ពុជាឱ្យបានឆាប់រហ័សបំផុតផងដែរ»។

សម្រាប់កម្ពុជាឯណោះវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ជាមួយលោកប្រធានាធិបតី Donald Trump ថា «កម្ពុជាឯកភាពជាមួយសំណើរឱ្យមាន “ការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌ” រវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះសម្តេចក៏ធ្លាប់បានបញ្ជាក់ជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន កាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅផងដែរ»។
 
សម្តេចធិបតីសង្ឃឹមថា «ភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដា ក្រោមការជួយសម្របសម្រួល របស់លោក Anwar Ibrahim នោះទេ»៕