
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ២០២៥ នេះ សាលារៀនចំនួន ៦០០ ត្រូវបានបិទទ្វារ ដែលប៉ះពាល់ទៅលើខេត្តជាប់ព្រំដែនចំនួន ៥ និងបានបណ្ដាលឲ្យប៉ះពាល់ដល់សិស្សានុសិស្សចំនួន ១៥ម៉ឺននាក់ រួមទាំងគ្រូបង្រៀនជាង ៦ពាន់នាក់ ព្រោះតែការឈ្លានពានទាំងកម្រាលពីភាគីលើកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា” នៅវិមានសន្តិភាព ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា «ក្នុងរយៈពេល៤ថ្ងៃនៃសង្គ្រាមរំលោភឈ្លានពីភាគីថៃមកលើកម្ពុជា មានជនភៀសសឹកបានផ្លាស់ទីលំនៅចេញពីផ្ទះសម្បែងទីកាន់ទីកន្លែងសុវត្ថិភាព ៣ខេត្ត រួមមាន ខេត្តឧត្តមានជ័យ ព្រះវិហារ និងពោធិ៍សាត់ បានកើនដល់ជាង ២៥ ពាន់គ្រួសារ ស្មើនឹងជាង ៨ម៉ឺននាក់ និងហេដ្ឋានចរនាសម្ព័ន្ធជាច្រើនបានរងនូវការបំផ្លិចបំផ្លាញ។»
គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៦ កក្កដា គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ សាលារៀនចំនួន៥៣៦ ក្នុងស្រុកចំនួន១៤ ក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងពោធិ៍សាត់ ត្រូវបានបិទទ្វារ បណ្ដាលឲ្យប៉ះពាល់ដល់ការសិក្សាដល់សិស្ស និងគ្រូបង្រៀនចំនួន ១៣ម៉ឺននាក់។
បន្ថែមពីនេះ យោងតាមការបញ្ជាក់ពីរដ្ឋមន្ដ្រីក្រសួងអប់រំ បានឲ្យដឹងថា និស្សិតខ្មែរ២៩នាក់ បានចាកចេញពីខេត្តអ៊ូប៊ុនថានី ប្រទេសថៃ មកកម្ពុជាវិញ តាមប្រទេសឡាវដោយសុវត្ថិភាព កាលពីថ្ងៃទី២៦ កក្កដា ម្សិលមិញផងដែរ៕

