
ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា៖ «ការកើនឡើងនៃការគាំទ្ររបស់សហគមន៍អន្តរជាតិ ចំពោះជំហរប្រកបដោយសុឆន្ទៈ មកលើរាជរដ្ឋាភិបាលកម្ពុជាចង់ឱ្យមានកិច្ចឈប់បាញ់គ្នាបន្ទាន់និងឥតលក្ខខណ្ឌរវាងយោធានៃប្រទេសទាំងពីរ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីតាមការសន្ទនា និងតាមរយៈទំនាក់ទំនងការទូត»។
អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា” នៅវិមានសន្តិភាព ថ្ងៃអាទិត្យ ២កើត ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ។
យោងតាមការតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ កាលពីម្សិលមិញ ដែលបានដកស្រង់សម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលជាប្រធានប្តូរវេនអាស៊ាន លោក ជុំ សុន្ទរី មានការចាប់អារម្មណ៍ចំណុច ៣ ដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រកាសថា គឺ ទី១៖ នឹងបន្តជំរុញសំណើររបស់លោកឱ្យមាន “បទឈប់បាញ់” រវាងប្រទេសទាំងពីរ, ទី២៖ កម្ពុជាបានគាំទ្រនូវសំណើររបស់លោកឱ្យមាន “បទឈប់បាញ់” នេះ ហើយភាគីថៃ ក៏បានឯកភាពជាគោលការណ៍ និងទី៣៖ លោកបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី ធ្វើការសម្របសម្រួលជាមួយសមភាគីកម្ពុជា និងថៃ ដើម្បីជំរុញសំណើររបស់លោកឱ្យមាន “បទឈប់បាញ់”។
អ្នកនាំពាក្យក្រសួងការបទេសបានបញ្ជាក់ថា៖ «ប្រសិនបើក្នុងករណីចាំបាច់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលជាប្រធានប្តូរវេនអាស៊ានលោកនឹងទំនាក់ទំនងភាគីទាំងពីរកម្ពុជា-ថៃដោយផ្ទាល់តែម្តង។ តាមរយៈសំណើររបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រី គឺសម្តេចធិបតីបានឯកភាពតាមសំណើរឱ្យមាន “បទឈប់បាញ់” រួចទៅហើយ និងបានកត់ត្រានោក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានចេញផ្សាយចែកជូនសមាជិកក្រុមប្រឹក្សាសន្តិសុខ មុនពេលកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខផងដែរ»។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «ដោយសារជំហារប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រនូវសំណើររបស់ប្រធានអាស៊ានបច្ចុប្បន្នដើម្បីឱ្យមាន “បទឈប់បាញ់” ទើបធ្វើឱ្យមានការកើនឡើងការគាំទ្រពីសហគមន៍អន្តរជាតិចំពោះកម្ពុជា»៕
