
ភ្នំពេញ៖ ជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់ប្រព័ន្ធឃោសនារបស់ថៃ កាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញ ដែលបានលើកឡើងថា៖ «ក្រសួងការបទេសថៃ ត្រៀមប្តឹងតវ៉ាទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាតក្រហម និងប្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចោទប្រកាន់មកលើកម្ពុជាថាបានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ដែលជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ថា កម្ពុជាបានវាយប្រហារលើជនស៊ីវិល និងមន្ទីរពេទ្យ»។
ជុំវិញការចោទប្រកាន់ដោយគ្មានមូលដ្ឋានខាងលើនេះ អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា សូមប្រកាសបដិសេធដាច់អហង្ការមិនដូចការលើកឡើងរបស់ក្រសួងការបរទេសថៃដែលបានចោទប្រកាន់មកលើកម្ពុជាបានវាយប្រហារទៅលើជនស៊ីវិល និងទីតាំងសាធារណៈដែលជាការបំភ្លៃពីការពិតជាចេតនារបស់ភាគីថៃមកលើកម្ពុជា។
ចំពោះការចោទប្រកាន់របស់ភាគីមកលើកម្ពុជាថា បានតម្រង់គោលដៅទៅជនស៊ីវិល លោក ជុំ សុន្ទរី បានគូសបញ្ជាក់ថា៖ «កម្ពុជាបានប្រកាន់ជំហរដ៏ម៉ឺងម៉ាត់បញ្ចៀសគោលដៅជនស៊ីវិលស្របតាមកាតព្វកិច្ចរបស់ខ្លួនស្របតាមអនុសញ្ញាទីក្រុងសឺណែវ និងច្បាប់មនុស្សធម៌អន្តរជាតិ»។
ពាក់ព័ន្ធករណីភាគីថៃចោទប្រកាន់អំពីបញ្ហាមីន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់បន្ថែមថា៖ «កម្ពុជា គឺជារដ្ឋភាគីប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ចំពោះអនុសញ្ញាអូតាវ៉ា និងតែងតែសហការយ៉ាងសកម្មជាមួយអាជ្ញាធរផ្នែកបោសសម្អាតមីនអន្តរជាតិ ទទួលបានគាំទ្រ និងសរសើរពីសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិតែម្តង»។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់សារជាថ្មីថា៖ «ជំហររបស់កម្ពុជា បន្តប្តេជ្ញាចិត្តដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី»។
កម្ពុជាស្វាគមន៍ ចំពោះការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យមានដំណោះស្រាយដដោសន្តិវិធី និងជំរុញដល់ប្រទេសថៃឱ្យវិលទៅរកវេទិកាការទូតវិញជាជាងការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងកម្ពុជា និងស្នើដល់សហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ ក៏ដូចជាអាស៊ានពិនិត្យមើលស្ថានការណ៍ប្រកបដោយសុភវិនិច្ឆ័យ ដោយពិចារណាទៅលើបរិបទប្រវត្តិសាស្ត្រនៃការឈ្លានរបស់ថៃ និងការប្រកាន់យកយន្តការការទូតរបស់កម្ពុជាដរាបរៀងមកក្នុងការដោះស្រាយទំនាស់ជាមួយប្រទេសថៃ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា៖ បន្តប្តេជ្ញាចិត្តការពារអធិបតេយ្យភាព សន្តិភាព និងស្ថេរភាពក្នុងតំបន់ និងជំរុញឱ្យភាគីថៃធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ដើម្បីបញ្ចៀសជម្លោះតានតឹងបន្ថែមទៀត។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា” នៅវិមានសន្តិភាព ថ្ងៃអាទិត្យ ២កើត ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ។
យោងតាមការតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ កាលពីម្សិលមិញ ដែលបានដកស្រង់សម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលជាប្រធានប្តូរវេនអាស៊ាន លោក ជុំ សុន្ទរី មានការចាប់អារម្មណ៍ចំណុច ៣ ដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រកាសថា គឺ ទី១៖ នឹងបន្តជំរុញសំណើររបស់លោកឱ្យមាន “បទឈប់បាញ់” រវាងប្រទេសទាំងពីរ, ទី២៖ កម្ពុជាបានគាំទ្រនូវសំណើររបស់លោកឱ្យមាន “បទឈប់បាញ់” នេះ ហើយភាគីថៃ ក៏បានឯកភាពជាគោលការណ៍ និងទី៣៖ លោកបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី ធ្វើការសម្របសម្រួលជាមួយសមភាគីកម្ពុជា និងថៃ ដើម្បីជំរុញសំណើររបស់លោកឱ្យមាន “បទឈប់បាញ់”។
អ្នកនាំពាក្យក្រសួងការបទេសបានបញ្ជាក់ថា៖ «ប្រសិនបើក្នុងករណីចាំបាច់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលជាប្រធានប្តូរវេនអាស៊ានលោកនឹងទំនាក់ទំនងភាគីទាំងពីរកម្ពុជា-ថៃដោយផ្ទាល់តែម្តង។ តាមរយៈសំណើររបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រីគឺសម្តេចធិបតីបានឯកភាពតាមសំណើរឱ្យមាន “បទឈប់បាញ់” រួចទៅហើយ និងបានកត់ត្រានោក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានចេញផ្សាយចែកជូនសមាជិកក្រុមប្រឹក្សាសន្តិសុខ មុនពេលកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខផងដែរ»។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «ដោយសារជំហារប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រនូវសំណើររបស់ប្រធានអាស៊ានបច្ចុប្បន្នដើម្បីឱ្យមាន “បទឈប់បាញ់” ទើបធ្វើឱ្យមានការកើនឡើងការគាំទ្រពីសហគមន៍អន្តរជាតិចំពោះកម្ពុជា»៕
