2025-07-27 13:29
13

ព្រះវិហារ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពឈ្លានពានថៃ បន្តបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ ដែលត្រូវការពារដាច់ខាត រងគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកទីលើអាកាសយ៉ាងធ្ងន់ធ្ងរបំផុត និងពង្រីកភូមិសាស្រ្ត នៃការឈ្លានពានទាំងទទឹងទិស និងមិនរើសគោលដៅ ឬតំបន់ដែលមានជនស៊ីវិលរស់នៅឡើយ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅព្រឹកនេះ សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា ដោយបានប្រើប្រាស់បាញ់កាំភ្លើងធុនធ្ងន់ និងការបាញ់មកលើប្រាសាទព្រះវិហារ បង្កឱ្យមានការខូចខាតច្រើនកន្លែង។ ទង្វើឈ្លានពានរបស់ថៃ កម្ពុជាសូមថ្កោលទោសចំពោះ ការបំផ្លិចបំផ្លាញនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា៖ «កងកម្លាំងយោធាថៃ បានចាប់ផ្តើបបើកប្រតិបត្តិការបាញ់ប្រហារមកលើកម្ពុជា នៅម៉ោង០២និង០០នាទីទាបភ្លឺ នៅតំបន់វាលឥន្ទ្រី និងពង្រីកបន្តបន្ទាប់តាមព្រំដែនខេត្តឧត្តមានជ័យ និងព្រះវិហារជាច្រើនកន្លែង រួមមាន ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក អានសេះ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តំបន់មុំបី ភ្នំខ្មោច ភ្នំ ៣៣៣ តាថាវ ជាដើម»។

ក្រសួងការពារជាតិ បានចាត់ទុកការបន្តរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ប្រតិបត្តិការយោធាដ៏គឃ្លើន និងការមិនគោរពតាមច្បាប់អន្តរជាតិ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយចំពោះសណ្តាប់ធ្នាប់ អន្តរជាតិ សន្តិភាព និងស្ថិរភាព មិនត្រឹមតែនៅតាមព្រំដែនកម្ពុជា-ថៃ ប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់ទាំងមូលតែម្តង។

សកម្មភាពបែបនេះរបស់ភាគីថៃ ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងបង្ហាញពីចេតនាច្បាស់លាស់របស់ប្រទេសថៃ ក្នុងការបង្កើនជាជាងកាត់បន្ថយជម្លោះ»។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ «គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃអាទិត្យនេះ ថៃនៅតែបន្តឈ្លានពានមកលើកម្ពុជា ដោយថែមទាំងពង្រីកភូមិសាស្រ្ត នៃការឈ្លានពានទាំងទទឹងទិស និងមិនរើសគោលដៅ ឬតំបន់ណាឡើយ បង្កខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន មន្ទីរពេទ្យ សាលារៀន វត្តអារាម ប្រាសាទព្រះវិហារសម្បត្តិបេតិកភ័ណ្ឌពិភពលោក លំនៅដ្ឋានប្រជាពលរដ្ឋ និងទីសាធារណៈផ្សេងៗទៀត»។

ក្រសួងការពារជាតិអំពាវនាវសហគមន៍អន្តរជាតិ ត្រូវតែចាត់ទុកប្រទេសថៃឱ្យទទួលខុសត្រូវពេញលេញចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ហើយទាមទារឱ្យបញ្ចប់រាល់អរិភាពទាំងអស់។ កម្ពុជាបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ចំពោះបទឈប់បាញ់ជាបន្ទាន់និងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ 

ជាមួយគ្នានេះដែរ កម្ពុជាសូមបញ្ជាក់សារជាថ្មីនូវអធិបតេយ្យភាព និងសិទ្ធិស្វ័យការពាររបស់ខ្លួន ដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងអាយុជីវិតរបស់ប្រជាជនខ្លួនប្រឆាំងនឹងការឈ្លានពានខុសច្បាប់របស់ប្រទេសថៃ៕