
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា” នៅវិមានសន្តិភាព ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «ក្នុងភូមិសាស្ត្រព្រំដែនទឹកកម្ពុជា-ថៃ ខេត្តកោះកុង គិតចាប់ពីថ្ងៃម្សិលមិញ រហូតដល់ម៉ោង៨ព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ មានសភាពស្ងប់ស្ងាត់ធម្មតាមមិនទាន់មានការប៉ះទង្គិចគ្នានោះទេ ប៉ុន្តែភាគីថៃ បានធ្វើសកម្មភាពបង្ហោះដ្រូន ចំនួន ០៥ ក្នុងនោះ ចូលមកលើកនៅតំបន់កោះយ៉ ០៤ លើក និងកោះកុងក្រៅ ០១ លើក ដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជា»។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ បានបញ្ជាក់ថា៖ «ក្នុងរយៈពេល៤ថ្ងៃនៃសង្គ្រាមរំលោភឈ្លានពីភាគីថៃមកលើកម្ពុជា មានជនភៀសសឹកបានផ្លាស់ទីលំនៅចេញពីផ្ទះសម្បែងទីកាន់ទីកន្លែងសុវត្ថិភាព ៣ខេត្ត រួមមាន ខេត្តឧត្តមានជ័យ ព្រះវិហារ និងពោធិ៍សាត់ បានកើនដល់ជាង ២៥ ពាន់គ្រួសារ ស្មើនឹងជាង ៨ម៉ឺននាក់ និងហេដ្ឋានចរនាសម្ព័ន្ធជាច្រើនបានរងនូវការបំផ្លិចបំផ្លាញ»។
សូមជម្រាបថា បន្ទាប់កើតមានសភាពការណ៍ព្រំដែនកម្ពុជា-ថៃ កើនកំដៅខ្លាំង និងឈានដល់ផ្ទុះសង្គ្រាម កាលវេលាប្រមាណម៉ោង ០៦និង០០ល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងនាវឹកជើងទឹកថៃបានចល័តកម្លាំងចេញពីខេត្តត្រាត ដោយបំពាក់សម្ភារៈយោធា និងសព្វាវុធរួមទាំងនាវាពិឃាត ចំនួន ០៤ គ្រឿង ចូលមកចម្លោះកោះគុត និងកោះឆាង។
លុះនៅថ្ងៃទី២៦ ខែកក្កដា ថៃបានចល័តនាវាចម្បាំចូលចន្លោះកោះគុត កោះឆាង ចំនួន ០៤ គ្រឿង បន្ថែមទៀត សរុបទាំងអស់ ចំនួន ០៨ គ្រឿង។
សូមបញ្ជាក់បន្ថែមថា ថៃបានដាក់ខេត្តត្រាត និងខេត្តច័ន្ទបូរី ស្ថិតក្រោមច្បាប់អាជ្ញាសឹក និងប្រកាសបើកប្រតិបត្តិការយោធាមានឈ្មោះថា «ចក្រពង្សភូវនាដ»៕
