2025-07-27 10:23
10

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ បានបញ្ជាក់ថា៖ «គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ជាថ្ងៃទី៤នៃសង្គ្រាមតាំងដែលត្រូវបានយោធាថៃរំលោភឈ្លានពាន ដោយយោធាថៃមកលើអធិបតេយ្យភាពកម្ពុជាបានកើនឡើងលើសដើមជាច្រើនកន្លែងក្រៅពីតំបន់មានជម្លោះ ដោយគំរាមកំហែង ដាក់សម្ពាធ រួមទាំងការចល័ត និងដាក់សម្ភារៈ គ្រឿងសព្វាវុធតូចធំផ្សេងៗ»។ 

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា” នៅវិមានសន្តិភាព ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងអំពីការវិវឌ្ឍន៍នៃការប្រយុទ្ធ និងបាញ់ប្រហារពីសំណាក់ភាគីថៃមកលើកម្ពុជា ដោយបានបញ្ជាក់ថា៖ «តាំងពីម៉ោង៥ព្រឹកថ្ងៃម្សិលមិញ (២៦ កក្កដា) នៅតំបន់ទិសភូមិភាគទី៤ យោធាថៃចាប់ផ្តើមបាញ់ផ្លោងចូលតំបន់ជាំតែ និងបុស្សស្បូវ បន្តបន្ទាប់រហូតគ្មានឈប់ឡើយ»។ 

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមទៀតថា៖ «លុះនៅវេលាម៉ោង ១០និង៤០នាទីយន្តហោះចម្បាំងថៃ បានទម្លាក់គ្រាប់បែក ចំនួន ០២ គ្រាប់ តាមផ្លូវឡើងទៅប្រាសាទព្រះវិហារ និងម៉ោង ១១និង៥៦នាទី យន្តហោះថៃបន្តទម្លាក់គ្រាប់បែកចង្កោមនៅតំបន់ភ្នំខ្មោច រហូតដល់ម៉ោង ០២និង៣០នាទី ភាគីថៃបានប្រើប្រាស់រថយន្តក្រោះវាយចូលតំបន់វាលឥន្ទ្រី»។

បន្ទាប់ការវាយប្រហារយ៉ាងសន្ធាប់ ពីសំណាក់យោធាថៃមកលើអធិបតេយ្យកម្ពុជាជាច្រើនម៉ោងរួចមកក្រោយម៉ោង០២រសៀល សភាពការណ៍មានការធូស្បើយបន្តិច។ លុះរហូតដល់ម៉ោង០២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ថៃបានចាប់ចាញ់ផ្លោងគ្រាប់កាំភ្លើងធំចូលតំបន់វាលឥន្ទ្រី និងនៅម៉ោង០២និង៣០នាទីជិតភ្លឺទាហានថៃបាញ់ចូលតំបន់តាថាវ និងភ្នំខ្មោច ដោយប្រើប្រាសដ្រូនហោះជាប់ជាប្រចាំ និងដល់ម៉ោង៤និង៥០ទាទីព្រឹកនេះ យោធាថៃបានបាញ់ផ្លោងគ្រាប់កាំភ្លើងធំចូលប្រសាទតាមាន់ធំ និងប្រាសាទតាក្របីបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា៖ «នៅម៉ោងជាង៦ព្រឹកនេះ យោធាថៃបានបើកការវាយប្រហារដោយថ្មើជើងចូលតំបន់ភ្នំខ្មោច។ គ្រប់ទីតាំងការប្រយុទ្ធនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ភ្នំខ្មោច តំបន់មុំបី អានសេះជាដើម សត្រូវឈ្លានពានបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោង ដ្រូនទម្លាក់គ្រាប់បែក និងយន្តហោះទម្លាក់បែកចង្កោមយ៉ាងខ្លាំងមកលើទឹកដីកម្ពុជា»។

ជាការឆ្លើយតបទៅនឹងការរំលោភឈ្លានពាន ពីសំណាក់សត្រូវលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា៖ «កងកម្លាំងយោធារបស់កម្ពុជា បានប្រើប្រាស់សិទ្ធការពារខ្លួន ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បានវាយបកទៅកាន់គូរសត្រូវវិញយ៉ាងស្វិតស្វាញមិនញញើត ម៉ឺងម៉ាត់ ក្រាញននាល ដើម្បីការពារខ្លួន ការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជាឱ្យខានតែបាន»៕