2025-07-27 10:13
9

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កងទ័ពសៀម នៅតែបន្តឈ្លានពានមកលើទឹកដីរបស់កម្ពុជាទាំងកំរោល ដែលបានរំលោភលើច្បាប់អន្តរជាតិ និងកាន់តែគឃ្លើនបន្ថែមទៀត ដោយពង្រីកការឈ្លានពាន និងគំរាមកំហែងលើអធិបតេយ្យភាពកម្ពុជាកាន់ខ្លាំងឡើង ធ្វើឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងបង្កឱ្យជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ រួមមាន កុមារ ស្ត្រី ជនពិការ និងចាស់ជរាជាដើម។

នេះបើតាមការបញ្ជាក់របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា” នៅវិមានសន្តិភាព ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ។ លោកស្រីបានបន្ថែមថា គិតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ២០២៥ មកដល់ពេលនេះ គឺជាថ្ងៃទី៤នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពជា។ 

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «ទីតាំងដែលត្រូវបានយោធាថៃរំលោភឈ្លានពានបានកើនឡើងលើសដើមជាច្រើនកន្លែងក្រៅពីតំបន់មានជម្លោះ ដោយគំរាមកំហែង ដាក់សម្ពាធ រួមទាំងការចល័ត និងដាក់សម្ភារៈ គ្រឿងសព្វាវុធតូចធំផ្សេងៗ»។ 

អ្នកនាំពាក្យក្រសួងការពារជាតិ ចាត់ទុកថា «ការរំលោភឈ្លានពីសំណាក់យោធាថៃដោយមិនរើសទីតាំង និងគោលដៅជាបន្តបន្ទាប់បានបង្កឱ្យមានវិនាសកម្មយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ថានីយ៍ប្រេងឥន្ទនៈ ផ្សារ ប្រាសាទព្រះវិហារដែលសម្បត្តិបេតិកភ័ណ្ឌពិភពលោក ភូមិឋានប្រជាពលរដ្ឋ បង្កឱ្យជនស៊ីវិលស្លាប់ និងរបួសមានកុមារ ជនពិការ និងចាស់ជរាផងដែរ»៕