2025-07-26 14:02
12

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា” នៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងថា៖ «នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៦ ខែកក្កដា លោក កែវ ឈ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) ត្រូវបានអញ្ជើញឱ្យថ្លែងបទអន្តរាគមន៍មុន»។

លោកបានបន្ថែមថា នៅក្នុងបទអន្តរាគមន៍តំណាងអចិន្ត្រៃយ៍កម្ពុជា បានជម្រាបជូន កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. “ពីការវាយលុកដោយទ្រង់ទ្រាយធំរបស់ថៃមកលើកងទ័ពកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដានេះ លើទីតាំងមួយចំនួននៅតាមបណ្ដោយព្រំដែនកម្ពុជា ក្នុងនោះ រួមទាំងប្រាសាទតាមាន់ធំ, តាក្របី និងប្រាសាទព្រះវិហារ ដោយថៃបានប្រើរហូតទៅដល់យន្តហោះចម្បាំង F16 រថក្រោះ គ្រាប់បែកចង្កោម និងសព្វាវុធធន់ធ្ងន់ផ្សេងៗជាច្រើនទៀត។

លោក ជុំ សុន្ទរី បានថ្លែងថា៖ «តំណាងអចិន្ត្រៃយ៍កម្ពុជាបានបញ្ជាក់ក្នុងបទអន្តរាគមន៍អំពីការខូចខាតដែលកើតមានចំពោះជនស៊ីវិលកម្ពុជា និងទីតាំងវប្បធម៌របស់កម្ពុជាមួយចំនួនរងការខ្ទេចខ្ទាំ ដោយការវាយលុយរបស់យោធាថៃ និងបានជម្រាបជូនអំពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធករណីទីតាំង ចំនួន ៤ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ»។

ក្នុងបទអន្តរាគមន៍តំណាងអចិន្ត្រៃយ៍កម្ពុជា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ក៏បានបញ្ជាក់អំពីការអំពាវនាវរបស់កម្ពុជាឱ្យមានកិច្ចឈប់បាញ់គ្នាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងស្នើសុំឱ្យមានដំណោះស្រាយអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។ បន្ទាប់មកតំណាងអចិន្រ្តៃយ៍របស់ថៃ ត្រូវបានអនុញ្ញាឱ្យឡើងធ្វើបទអន្តរាគមន៍ដូចគ្នា លុះក្រោយសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានឡើងថ្លែងបទអន្តរាគមន៍ជាបន្តបន្ទាប់។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «ចំពោះបទអន្តរាគមន៍របស់សមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.បានអំពាវឱ្យភាគីនៃជម្លោះកម្ពុជា-ថៃ ឱ្យបន្តប្រកាន់យកការអត់ធ្មត់ជាអតិបរមា, បញ្ឈប់ហិង្សាដោយប្រដាប់អាវុធ និងត្រូវស្វែងរកដោះស្រាយជម្លោះដោយសន្តិវិធី»។

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ គឺមានប្រទេសបី រួមមាន ប្រទេសគុយយ៉ាន់ម៉ា សេរ៉ារ៉េអូន និងសុម៉ាលី បានធ្វើការកត់ត្រានូវការអំពាវនាវរបស់កម្ពុជា សុំឱ្យមាន “បទឈប់បាញ់” ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ និងការសម្រេចរបស់កម្ពុជាដែលបានយកតំបន់ទាំង៤ខាងលើទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។  

លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «ក្រោយកិច្ចប្រជុំអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា អគ្គលេខាធិការអង្គការសហប្រជាតិ បានអំពាវនាវឱ្យមានការអត់ធ្មត់បានខ្លាំងជាទីបំផុត»៕