2025-07-26 14:08
12

ភ្នំពេញ៖ គិតត្រឹមម៉ោងជាង ១១ថ្ងៃត្រង់ ថ្ងៃទីសៅរ៍ ទិ២៦ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសមរភូមិជួរមុខទិសខេត្តកោះកុងជាបខេត្តត្រាត និងចាន់បូរី ប្រទេសថៃ កម្លាំងកងទ័ពកម្ពុជាបានឈរយ៉ាងរឹងមាំ ម៉ឺងមាត់ និងក្លាហានបំផុត និងគ្មានការប្រែប្រួល ឬផ្ទុះអាវុធឡើយ ប៉ុន្តែមានភាពតានតឹងដោយសារការដាក់សំពាធពីសំណាក់ភាគីថៃ ដោយធ្វើការត្រៀមចល័តនាវាចម្បាំចូលចន្លោះកោះគុត កោះឆាង ចំនួន ០៤ គ្រឿងបន្ថែមទៀត សរុបទាំងអស់ចំនួន ០៨ គ្រឿង។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា” នៅវិមានសន្តិភាព ថ្ងៃសៅរ៍ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា៖ «ទង្វើដែលបង្កឱ្យមានអរិភាពដែលបានកើតឡើងនៅប្រាសទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ភ្នំទ្រព្យ តំបន់មុំបី និងតំបន់ផ្សេងៗទៀត ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលជាព្រំដែនទទួលស្គាល់ដោយអន្តរជាតិ គឺជាការរំលោភលើអធិបតេយ្យភាពកម្ពុជា ជាពិសេសរំលោភយ៉ាងធ្ងន់ធ្ងរច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាតិផងដែរ»។

កម្ពុជាសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភឈ្លានពានពីយោធាថៃ ដែលបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមិនត្រឹមសន្តិភាព ស្ថេរភាពនៅតាមបណ្តោយព្រំដែននៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាព និងសន្តិភាពក្នងតំបន់ទាំងមូលតែម្តង។ កម្ពុជាបន្តអំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមជាមួយកម្ពុជា ក្នុងការថ្កោលទោសទៅលើទង្វើឈ្លានពានដោយកំរោលរបស់យោធាថៃ ព្រមទាំងទាមឱ្យភាគីថៃ ត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើបង្កអរិភាពរបស់ខ្លួន ដែលមិនគោរពអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជាដូចមានចែងនៅក្នុងច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាស្តីពីមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា៖ «កម្ពុជាបន្តប្តេជ្ញាដោះស្រាយបញ្ហាស្របតាមច្បាប់អន្តរជាតិ រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ។ ក្នុងនោះ កម្ពុជារក្សាសិទ្ធការពារខ្លួនពីការឈ្លានពានពីសំណាក់ភាគីថៃ ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទមិនចុះញ៉មដាច់ខាតចំពោះការឈ្លានពានដ៏ឃោរឃៅ ការគំរាមកំហែងដោយប្រដាប់អាវុធដោយភាគីថៃ គឺប្តេជ្ញាការពារអធិបតេយ្យភាព បូរណភាពទឹកដីមិនអនុញ្ញាតឱ្យសត្រូវឈ្លានពានបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ»។

ក្រសួងការពារជាតិកម្ពុជា ក៏បានច្រានចោលនូវការផ្សាយព័ត៌មានក្លែងក្លាយចោទប្រកាន់វាយប្រហារខុសពីការពិតថា កងទ័ពកម្ពុជាជាអ្នកវាយប្រហារដោយប្រដាប់អាវុធមុនទៅលើភាគីថៃ។ ត្រង់ចំណុចនេះអ្នកនាំពាក្យក្រសួងការពារជាតិ សង្កត់ធ្ងន់ថា៖ «គ្មានចំណុចណា ឬទីតាំងណាដែលបើកការវាយប្រហារមុននោះទេ ព្រោះកម្ពុជា គឺជាជនរងគ្រោះក្នុងការឈ្លានពានពីភាគីថៃ ហើយកម្ពុជារក្សាសិទ្ធក្នុងការវាយបកវិញ ដើម្បីការពារខ្លួន និងដែនអធិបតេយ្យរបស់ខ្លួនតែប៉ុណ្ណោះ។ សម្រាប់ការវាយបក គឺគោលដៅតែទៅលើទីតាំងឈរជើងរបស់យោធាមិនសំដៅទីតាំងរបស់ជនស៊ីវិលឡើយ»៕