
ភ្នំពេញ៖ សង្គ្រាមឈានពានពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា សម្រាប់ថ្ងៃទី៣នៃសង្គ្រាមនេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា៖ «គិតត្រឹមម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដានេះ ការឈ្លានពានយ៉ាងកំរោលរបស់ភាគីថៃមកលើកម្ពុជា និងគ្មានញញើតនឹងច្បាប់អន្តរជាតិ ដោយបានពង្រីកទៅទិសខេត្តព្រះវិហារ ឧត្តមានមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ និងបានប្រើប្រាស់អាវុធធន់ធ្ងន់ផ្លោងដាក់ទឹកដីកម្ពុជា យ៉ាងសាហាវឃោរឃៅ ដោយបំផ្លិចបំផ្លិញនូវហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងគំរាមកំហែងដល់សុវត្ថិភាពរបស់ជនស៊ីវិលផងដែរ»។
នេះជាការថ្លែងរបស់អ្នកនាំពាក្យនៅក្នុងសន្និសីទសារព័ត៌មាន លើកទី២ ស្តីពី “បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា” នៅវិមានសន្តិភាព ថ្ងៃសៅរ៍ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា៖ «ថ្ងៃទី៣នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា បានចាប់ផ្តើមធ្វើសកម្មភាពបាញ់ផ្លោងចូលទឹកដីកម្ពុជា តាំងពីម៉ោង៥ព្រលឹមស្រាងៗ មានតំបន់ចាក់ច្រែង វាលឥន្ទ្រី តាថាវ ភ្នំខ្មោច ជាំតែ និងអានសេះ។ ចំពោះទិសទី៣ ពុំមានសភាពការអ្វីគួរឱ្យកត់សម្គាល់ឡើយ ដោយកងទ័ពកម្ពុជាឈរជើងការពារព្រំដែនអធិបតេយ្យភាពយ៉ាងរឹងមាំ»។
ដោយឡែកទិសសមរភូមិថ្មី នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «ទាហានថៃ ចាប់ផ្តើមឈ្លានពាននៅម៉ោង ០៥និង០២នាទីព្រឹកព្រមអុល ថ្ងៃទី២៦ កក្កដា ថៃបានបាញ់ដាក់កម្ពុជាមុន និងកំពុងបន្តផ្លោងគ្រាប់ជាហូរហែរចូលទីតាំងរបស់កម្ពុជាជាច្រើនកន្លែង»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «ចំពោះខេត្តបន្ទាយមានជ័យ មិនទាន់មានការផ្ទុះអាវុធនៅឡើយទេ ប៉ុន្តែទាហានដាក់សំពាធ និងគំនាបគំរាមកំហែងមកលើកម្ពុជាដោយបណ្តេញកម្លាំងប្រដាប់អាវុធរបស់កម្ពុជាចេញទីតាំងឈរជើងជាអធិបតេយ្យរបស់កម្ពុជា បើមិនចាកចេញវាគំរាមបាញ់ប្រហារ ដែលនេះជាទង្វើរំលោភបំពានលើ MoU ឆ្នាំ២០០០ ក្នុងមាត្រា ៥»៕




