
ឌូបៃ៖ កាលពីព្រឹកថ្ងៃទី២០ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងបើកកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា ខាងមុខ។ បន្ទាប់ពីមានការព្រមានពីបណ្ដាប្រទេសអឺរ៉ុបថា ប្រសិនបើ អ៊ីរ៉ង់ ខកខានក្នុងការបន្តការចរចានឹងនាំឱ្យទណ្ឌកម្មអន្តរជាតិត្រូវបានដាក់ឡើងវិញលើប្រទេសនេះជាក់ជាមិនខានឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០២៥ នេះ។
តាមការដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ពី លោក Esmaeil Baghaei បានលើកឡើងថា "ជំនួបរវាងអ៊ីរ៉ង់ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅនៅកម្រិតអនុរដ្ឋមន្ត្រីការបរទេស។"
ចំពោះកិច្ចពិភាក្សាដែលគ្រោងនឹងធ្វើនៅថ្ងៃសុក្រសប្ដាហ៍នេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្រទេស E3 ក៏ដូចជាប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានធ្វើការហៅទូរស័ព្ទលើកដំបូងរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីមួយខែមុនមកម្ល៉េះ។
សូមជម្រាបឲ្យដឹងថា ប្រទេសអឺរ៉ុបទាំងបី រួមជាមួយចិន និងរុស្ស៊ី គឺជាភាគីដែលនៅសល់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលសម្រេចបានជាមួយអ៊ីរ៉ង់ ស្របនឹងសហរដ្ឋអាមេរិកបានដកខ្លួនកាលពីឆ្នាំ ២០១៨ នៃកិច្ចព្រមព្រៀងនេះ និងបានដកទណ្ឌកម្មលើប្រទេសមជ្ឈិមបូព៌ា ជាថ្នូរនឹងការរឹតបន្តឹងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនវិញ៕
