
ឥណ្ឌូនេស៊ី៖ នាវាដឹកអ្នកទេសចរណ៍ ០១ គ្រឿង ដែលមានឈ្មោះថា «KM III Barcelona» មានផ្ទុកមនុស្សសរុបប្រមាណ ៣០០នាក់ បានផ្ទុះ និងឆេះយ៉ាងសន្ធោសន្ធៅ នៅជិតកោះ Talise ខេត្ត Sulawesi ខាងជើងនៃប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ។
ហេតុការណ៍ផ្ទុះឆេះនាវាទេសចរណ៍ខាងលើនេះ បានធ្វើឲ្យអ្នកដំណើរជាច្រើនរយនាក់ក្នុងនាវា «KM III Barcelona» នាំគ្នាសម្រុកពាក់អាវសង្រ្គោះបន្ទាន់នឹងលោតចុះពីលើនាវាដែលកំពុងតែឆាបឆេះយ៉ាងខ្លាំងក្លាចូលក្នុងផ្ទៃសមុទ្រ។
តាមប្រព័ន្ធផ្សព្វផ្សាយ XINHUA គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ អ្នកស្លាប់បានកើនដល់ ចំនួន ០៣ នាក់ និងអ្នកដំណើរជាច្រើននាក់ទៀត កំពុងតែបាត់ខ្លួន។
នាវានេះត្រូវបានគេរាយការណ៍ថាបានដឹកមនុស្សសរុបចំនួន ២៨០នាក់ បានធ្វើដំណើរចេញពីកោះ Talaud ទៅកាន់ទីក្រុង Manado ប្រទេសឥណ្ឌូនេស៊ី គ្រាន់តែធ្វើដំណើរបានបន្តិចក៏បានផ្ទុះឆាបឆេះជាខ្លាំងតែម្តង។
ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះជាតិរបស់ប្រទេសឥណ្ឌូនេស៊ី រួមជាមួយនឹងកងទ័ពជើងទឹក ឆ្មាំឆ្នេរសមុទ្រ និងអ្នកនេសាទក្នុងតំបន់ បានផ្តើមប្រតិបត្តិការជួយសង្រ្គោះភ្លាមៗ ដើម្បីជម្លៀសអ្នកនៅលើនាវា និងជួយសង្រ្គោះអ្នកដែលនៅលើសមុទ្រ។
ភ្លាមៗអាជ្ញាធរពាក់ព័ន្ធកំពុងតែបន្តប្រតិបត្តិការ ហើយចំនួនអ្នកស្លាប់ និងបាត់ខ្លួនអាចនឹងនៅតែបន្តស្វែងរក៕
