2025-07-21 15:25
61

ថៃ៖ នៅវេលាម៉ោង ១១៖១០ នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅវិមានរដ្ឋាភិបាល លោក ភូមថាំ វេចចាយាឆៃ (Phumtham Vejjayachai) នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងអំពីវិធានការឆ្លើយតបចំពោះកម្ពុជាជុំវិញឧបទ្ទវហេតុគ្រាប់មីននៅតំបន់ព្រំដែនកម្ពុជា-ថៃ។

តាមការចេញផ្សាយដោយព័ត៌មានក្នុងស្រុកថៃ Khaosod នៅថ្ងៃទី២១ កក្កដា នេះ បានឲ្យដឹងថា លោក ភូមថាំ វេចចាយាឆៃ (Phumtham Vejjayachai) បានបញ្ជាក់ថា គោលជំហររបស់ថៃ គឺព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីកុំឱ្យកម្ពុជាយកសំណុំរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ ពោលគឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របី ដាក់ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បាន។ 

លោក ភូមថាំ បានបញ្ជាក់ថា លោកបាននិយាយចរចារជាមួយកងទ័ពរួចហើយថា ត្រូវអត់ធ្មត់ ប៉ុន្តែប្រសិនបើសង្គ្រាមផ្ទុះឡើង ក៏លោកមិនខ្លាចដែរ។ 

ប៉ុន្តែ លោក ក៏មិនចង់ឲ្យកើតមានសង្គ្រាមដែរ ព្រោះប្រទេសជាតិនឹងត្រូវចំណាយថវិកាទិញសព្វាវុធទំនើបៗ ដើម្បីធ្វើសង្គ្រាមដែលអាចនាំឲ្យខាតបង់ប្រយោជន៍ជាតិធំ។

លោក Phumtham បានបញ្ជាក់ថា  បញ្ហាព្រំដែនកម្ពុជា-ថៃ យើងនៅតែប្រកាន់ខ្ជាប់នូវវិធានការ ការចរចាទ្វេភាគី (JBC)  និងប្រកាន់ខ្ជាប់នូវវិធីសាស្រ្តរបស់យើង ដើម្បីការពារទឹកដីរបស់យើងជានិច្ច ពីការរំលោភពំពាន់លើអធិបតេយ្យភាពរបស់យើង។»

ជាចុងក្រោយ នាយករដ្ឋមន្ត្រីស្ដីទីថៃខាងលើ បានឆ្លៀតបញ្ជាក់ថា ចំពោះកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ លោកបានប្រមូលភស្តុតាងផ្ញើទៅក្រសួងការបរទេសដើម្បីចូលដំណើរការតវ៉ា។ ហើយបើដំណើរការនេះនៅតែបន្តទៅទៀត វានឹងចូលទៅក្នុងដំណើរការ ដែលដកតំណែងឯកអគ្គរាជទូតតាមលក្ខខណ្ឌជាក់ជាមិនខាន។

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២០ កក្កដា ម្សិលមិញនេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោលរាល់ការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។ 

បន្ថែមពីនេះ ក្រសួងការពារជាតិកម្ពុជាបន្តអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា និងជៀសវាងទង្វើដែលគំរាមកំហែងដល់ការរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន។

គួររំលឹកផងដែរថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃ អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះ នៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវបានរងគ្រោះផងដែរ។ 

ជាក់ស្តែងទាហានថៃ បានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន ១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម៕