
ថៃ ត្រៀមរៀបចំ «បន្ទប់សង្គ្រាម» ២៤ម៉ោង/២៤ម៉ោង សម្រាប់ការត្រួតពិនិត្យអាកាសធាតុ ដើម្បីឆ្លើយតទៅនឹងគ្រោះមហន្តរាយ ខណៈព្យុះទី៦ មានឈ្មោះ «វីពផា» និងមានឥទ្ធិពលខ្លាំងក្លាបំផុតលើប្រទេសមួយនេះនៅថ្ងៃទី២២ និង២៣ ខែកក្កដា ឆ្នាំ២០២៥នេះ។
យោងតាម Bangkok Post បានចុះផ្សាយថា បន្ទាប់ពីការព្រមានពីនាយកដ្ឋានឧតុនិយមថៃ (TDM) នឹងមានភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើខេត្តមួយចំនួននៅភាគខាងជើងនៃប្រទេសថៃ រួមមាន ខេត្ត Chanthaburi, Trat, Ranong និង Phanngga ព្រមទាំងតំបន់ភាគកណ្តាល និងភាគឦសាន ត្រូវរងឥទ្ធិពលព្យុះទីហ្វុងទី៦ ឈ្មោះ «Wipha» នេះ។ អ្នករស់នៅក្បែរជម្រាលផ្លូវទឹក និងតំបន់ទំនាប ត្រូវបានជំរុញឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ និងទឹកហូរគួចយក។
មេបញ្ជាការបង្ការ និងសង្គ្រោះគ្រោះមហន្តរាយជាតិថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា «ភ្លៀងអាចធ្លាក់ខ្លាំងតំបន់ភាគខាងជើង និងភាគឦសាននៃប្រទេសថៃ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដែលអាចបង្កើនកម្រិតទឹកនៃទន្លេមេគង្គហក់ឡើងខ្លាំងផងដែរ»។
រដ្ឋមន្ត្រអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ លោក អ៊ុនស៉ីត មាលាណារ៉ាត់ (Unsit Illatharat) មានប្រសាសន៍ថា «លោកបានណែនាំឱ្យអភិបាលខេត្តយកចិត្តទុកដាក់ ជាពិសេស ចំពោះតំបន់ដែលមានភ្លៀងធ្លាក់លើសពី ៩០មីលីម៉ែត្រ តំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ និងតំបន់ដែលគ្មានប្រព័ន្ធលូបង្ហូរទឹក»។
បុគ្គលិកសង្គ្រោះបន្ទាន់ គ្រឿងចក្រ និងប្រព័ន្ធទំនាក់ទំនងកំពុងត្រូវបានបង្កើតឡើងដែលហៅថា «បន្ទប់សង្គ្រាម» ត្រៀម២៤ម៉ោង/២៤ម៉ោង សម្រាប់ការឆ្លើយតបយ៉ាងរហ័ស។ សាធារណជននឹងទទួលបានការព្រមាន ហើយអ្នកដែលរស់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់គួរតែរៀបចំផ្លាស់ទៅកាន់ទីទួលខ្ពស់ ឬជម្លៀសចេញប្រសិនបើចាំបាច់។
នាយកដ្ឋានឧតុនិយមថៃ (TDM) បានបញ្ជាក់ថា៖ «គិតត្រឹមវេលាម៉ោង៤រសៀលកាលពីថ្ងៃអាទិត្យ ព្យុះ Wipha កំពុងតែស្ថិតនៅក្នុងខេត្ត Guangdong នៃប្រទេសចិន ហើយបានក្លាយជាព្យុះត្រូពិច ហើយនឹងមានឥទ្ធិពលខ្លាំងលើប្រទេសថៃ»៕


