2025-07-20 13:46
21

ស៊ីដនី៖ កាលពីថ្ងៃទី១៩ កក្កដា រដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា ខ្លួនបានប្រគល់រថក្រោះ M1A1 Abrams ទៅឱ្យអ៊ុយក្រែន ដែលមានតម្លៃ ២៤៥ លានដុល្លារអូស្ត្រាលី (១៦០ លានដុល្លារ) ដើម្បីជួយប្រទេសនេះការពារខ្លួន ប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី។ 

ក្នុងនោះ រដ្ឋាភិបាលអូស្ត្រាលីបានអះអាងថា "រថក្រោះ M1A1 Abrams នឹងរួមចំណែកយ៉ាងសំខាន់ដល់ការប្រយុទ្ធបន្តរបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានខុសច្បាប់ និងអសីលធម៌របស់រុស្ស៊ី។"

បន្ថែមពីនេះ អូស្ត្រាលីក៏បានហាមឃាត់ការនាំចេញសារធាតុអាលុយមីញ៉ូម និងរ៉ែអាលុយមីញ៉ូម រួមទាំងសារធាតុបុកស៊ីតទៅកាន់ប្រទេសរុស្ស៊ីទៀតផង ហើយនិងបានដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពរុស្ស៊ីប្រហែល ១,០០០ ផងដែរ។

គួរបញ្ជាក់ឲ្យដឹងថា ប្រទេសអូស្ត្រាលី ជាប្រទេសមួយក្នុងចំណោមប្រទេសដែលបរិច្ចាគដ៏ធំបំផុតទៅកាន់អ៊ុយក្រែន ដែលបានផ្គត់ផ្គង់ទាំងជំនួយ គ្រាប់រំសេវ និងឧបករណ៍ការពារចាប់តាំងពីទីក្រុងមូស្គូបានលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មកម្ល៉េះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បាននិយាយថា អ៊ុយក្រែនបានកាន់កាប់រថក្រោះភាគច្រើនក្នុងចំណោមរថក្រោះចំនួន ៤៩ គ្រឿង ដែលផ្តល់ដោយអូស្ត្រាលី ហើយនៅសល់នឹងត្រូវបានចែកចាយនៅប៉ុន្មានខែខាងមុខនេះទៀត។ លើសពីនេះ រដ្ឋាភិបាលការងារកណ្តាលរបស់អូស្ត្រាលីនៅឆ្នាំនេះ ក៏បានដាក់ឈ្មោះរុស្ស៊ីថា ជាអ្នកឈ្លានពានក្នុងជម្លោះ ហើយបានអំពាវនាវឲ្យមានការដោះស្រាយសង្រ្គាមតាមលក្ខខណ្ឌរបស់ទីក្រុង Kyiv ផងដែរ៕