
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពជា បានទះកំភ្លៀង លោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្ត្រីស្តីទី ជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បន្ថែមទៀត បន្ទាប់ពីលោក ឃ្លាំង ហួត ទីប្រឹក្សាសម្តេចតេជោ ដាក់ប៉ុន្មានកំភ្លៀងលើនាយករដ្ឋមន្ត្រីស្តីទីរូបនេះ ដែលបានលើកឡើងទាំងងងើយថា “សម្តេចតេជោ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា”។
ប្រមុខព្រឹទ្ធសភាកម្ពុជា ជាអតីតនាយករដ្ឋមន្ត្រី នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ បានសរសេរសារបញ្ជាក់ថា៖ «មុននេះ លោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះសម្តេច»។
សម្តេចតេជោសរសេរសារយ៉ាងដូច្នេះថា៖ «ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា “បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា” ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរសព្ទជួបខ្ញុំ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន?»។
សម្តេចតេសែនបានបញ្ជាក់ថា៖ «កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា “លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា”។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ?»។
ប្រមុខព្រឹទ្ធសភាកម្ពជា បានប្រាប់នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃថា៖ «សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃ ជាង ១០ នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ»។
សម្តេចតេជោទះកំភ្លៀង លោក ភូមិថាំ វៈឆៈយៈឆៃ ទៀតថា៖ «កាលពីមុនក៏ដូចជាថ្ងៃនេះ លោកតែងប្រាប់ជនជាតិថៃថា “កុំឲ្យស្តាប់លោក ហ៊ុន សែន ពេក” តើលោកខ្លាចបណ្តាញសង្គមដែលខ្ញុំបង្ហោះសារចេញមែនទេ?»។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ ខ្ញុំមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោកទេ តែខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា “នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះ មានចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរសព្ទ នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រី អ៊ុង អ៊ីន កន្លងមក”។ សម្តេចតេជោឈ្លាតពេលជូនពរលោក ភូមិថាំ វៈឆៈយៈឆៃ ប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឲ្យបានយូរបន្តិច៕


