
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រាប់ទៅ ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវចងចាំថា៖ “ថាក់ស៊ីនឯងបានលួចផ្ដល់ឯកសារឱ្យសម្ដេចនៅពេលរដ្ឋាភិបាលថៃ ដឹកនាំដោយលោក អភិស៊ីត ដែលករណីនេះពាក់ព័ន្ធនឹងអំពើក្បត់ជាតិថៃខ្លួនឯង និងប្រមាថព្រះមហាក្សត្រថៃ”។
សម្ដេចតេជោបានផ្ដាំទៅថាក់ស៊ីនទៀតថា៖ «អ្នកឯងយល់ច្រឡំធំណាស់ដែលបាននិយាយថា “ស្ដាយដែលរាប់អានមនុស្សខុស” ព្រោះបើគ្មាន ហ៊ុន សែន ទេ ថាក់ស៊ីនឯង ក៏មិនអាចចូលស្រុក និងមកតំបន់អាស៊ីអាគ្នេយ៍បានដែរ»។
សម្តេចតេជោសែន បានសង្កត់ធ្ងន់ថា៖ «ថាក់ស៊ីនកំពុងភ័ន្តច្រឡំធំណាស់ សូមកុំព្រហើនឱ្យសោះ ចង់ឱ្យសម្តេចបញ្ចេញ ឬយ៉ាងណា? ព្រោះលោកថាក់ស៊ីនខ្លួនឯងបានបញ្ជូនឯកសារច្រើនណាស់ពាក់ព័ន្ធរដ្ឋាភិបាលថៃ ដឹកនាំដោយ អភិស៊ីត មកឱ្យសម្តេចដែលមានបទល្មើសក្បត់ជាតិថៃខ្លួនឯង […..] សម្តេចមានឯកសារក្នុងដៃអាចធ្វើអត្ថាធិប្បាយរឿងនេះចន្លោះពី៣ទៅ៤ម៉ោង»។
ប្រធានព្រឹទ្ធសភាកម្ពុជា រំឭកអំពីការប្រកាសរបស់សម្តេចមិនទទួលលុយថៃដែលឱ្យកម្ពុជាខ្ចី ដើម្បីជួសជុលផ្លូវជាតិ លេខ៦៨ កាលពីឆ្នាំ២០១០ ហើយពេលនោះនាយករដ្ឋមន្ត្រីថៃ លោក អភិស៊ី បានសួរមកសម្តេចថា ហេតុអ្វីកម្ពុជាមិនទទួលលុយនេះ? សម្តេចបានប្រាប់ទៅវិញថា “ខ្ញុំទទួលព័ត៌ជាក់ថាឯកឧត្តម បង្កកលុយ ក្នុងការពន្យាអំណាចរបស់ខ្លួន ដើម្បីធ្វើមកលើកម្ពុជា” ហើយឯកសារទាំងនោះ គឺសម្តេចទទួលបានពីលោកថាក់ស៊ីននេះឯងបានលួចផ្តល់ឱ្យសម្តេចផ្ទាល់៕
