
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសនៃការបញ្ចប់បេសកកម្មការទូត។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួបសន្ទនាជាមួយលោកឯកអគ្គរដ្ឋទូតកូរ៉េ ក្នុងឱកាសនៃការបញ្ចប់បេសកកម្មការទូត និងថ្លែងអំណរគុណលោកឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការនានានៅក្នុងការរួមចំណែកកសាង និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នាឱកាសជំនួបនេះ លោក PARK Jung-Wook បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសម និងជម្រាបលា។ លោកឯកអគ្គរដ្ឋទូត បានបន្តលើកឡើងថា វាជាកិត្តិយស និងបុព្វសិទ្ធិដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងសូមគោរពថ្លែងអំណរគុណសម្តេចតេជោរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការផ្តល់កិច្ចសហការនានាក្នុងការបំពេញការងាររបស់លោក។ បន្ទាប់ពីប្រទេសទាំងពីរបានតភ្ជាប់ទំនាក់ទំនងនៅឆ្នាំ១៩៩៧មក លោកឯកអគ្គរដ្ឋទូត បានរំលេចថា “កម្ពុជាមានសន្តិភាព” ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហើយកម្ពុជាបានក្លាយជាដៃគូជិតស្និទ្ធមួយរបស់សាធារណរដ្ឋកូរ៉េ។
នៅក្នុងន័យនេះ លោកឯកអគ្គរដ្ឋទូត ពិតជាមានមោទនភាពដែលបានចូលរួមចំណែកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅកូរ៉េ នៅឆ្នាំ២០២៤ ដែលនាឱកាសនោះ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជា ភាពជាដៃគូយុទ្ធសាស្រ្ត។
បន្ថែមពីលើនេះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីសមិទ្ធផលដែលគួរឱ្យកត់សម្គាល់ដែលប្រទេសទាំងពីរសម្រេចបាន ដូចជាកំណើនពាណិជ្ជកម្មទ្វេភាគី ការកៀរគរវិនិយោគិនកូរ៉េមកកម្ពុជា តាមរយៈរៀបចំវេទិកាវិនិយោគ និងធុរកិច្ច និងកិច្ចពិគ្រោះយោបល់ជាប្រចាំជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការនៃការអនុវត្តគម្រោងនានា ក្រោមកម្ចី ODA រួមទាំងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាដើម។
លោក PARK Jung-Wook បានគូសបញ្ជាក់ថា «វឌ្ឍនភាពទាំងនេះនឹងមិនអាចកើតឡើងបាននោះទេ ប្រសិនបើគ្មានការរួមចំណែក និងគាំទ្រពីភាគីកម្ពុជា»។
ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពទាំងឡាយ ដែលលោកឯកអគ្គរដ្ឋទូតបានខិតខំជំរុញ និងបានបញ្ជាក់ថា ទោះបីទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ មានស្ថានភាពឡើងចុះ ប៉ុន្តែជាទំនាក់ទំនងមួយយ៉ាងឆាប់រហ័ស និងមានល្បឿនលឿន បន្ទាប់ពីការផ្សាភ្ជាប់ទំនាក់ទំនងការទូតពេញលេញនៅឆ្នាំ១៩៩៧។ សម្តេចបានរំលេចថាស្ទើរគ្រប់វិស័យកិច្ចសហប្រតិបត្តិការមានការកើនឡើង ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើង ចំណែកឯវិនិយោគកូរ៉េក៏មានកើនឡើង។ ជើងហោះហើរកម្ពុជា-កូរ៉េ ក៏បានបន្តរក្សាភ្ជាប់ ទោះជានៅក្នុងអំឡុងពេលមានការរីករាលជំងឺកូវីដ-១៩ នៅខណៈពេលដែលមានការបិទខ្ទប់ការធ្វើដំណើរតាមច្រកផ្លូវផ្សេងៗ។
ជាមួយនឹងការថ្លែងអំណរគុណសម្តេចបានចង្អុលបង្ហាញជាការពិចារណាឱ្យប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ជាក់ស្តែង កម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជាបាននាំចូលទំនិញច្រើនពីកូរ៉េ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានកំណើនទេសចរកូរ៉េ មកទស្សនាកម្ពុជាច្រើនផងដែរ។ បន្ថែមពីលើនេះ សម្តេច បានសម្តែងនូវក្តីរំពឹងទុកថា ដោយឆ្នាំ២០២៧ គឺជាគម្រប់ខួប៣០ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-កូរ៉េ ប្រទេសទាំងពីរនឹងអាចលើកកម្ពស់ទំនាក់ទំនងខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចបានអបអរសាទរចំពោះភាពជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកូរ៉េ និងវិធីសាស្រ្តនៃគ្រប់គ្រងដោះស្រាយសភាពការណ៍ផ្ទៃក្នុងកូរ៉េ។ សម្តេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកលផងដែរ។
នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរលោក PARK Jung-Wook ទទួលបានជោគជ័យបន្ថែមទៀតក្នុងការបំពេញតួនាទីថ្មី៕