2025-07-16 18:51
7

ថៃ៖ តុលាការព្រហ្មទណ្ឌថៃ នឹងប្រកាសសាលក្រមរបស់ខ្លួនលើសំណុំរឿងប្តឹងចោទប្រកាន់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) នៅខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ពោល គឺនៅថ្ងៃទី២២ ខែសីហា ចំថ្ងៃដែលលោក ថាក់ស៊ីន បានត្រឡប់មកកាន់ប្រទេសថៃវិញ កាលពី២ឆ្នាំមុន។

ដំណើរការរឿងក្តីនេះ បានចាប់ផ្តើមបន្ទាប់ពីរបបយោធាថៃ បានដកប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់ តាមរយៈការធ្វើរដ្ឋប្រហាយោធា។ សំណុំរឿងនេះដែរ គឺវាទាក់ទងនឹងបទសម្ភាសន៍កាលពីឆ្នាំ២០១៥ របស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ជាមួយកាសែតកូរ៉េខាងត្បូង Chosun Ilbo ដែលក្នុងនោះ គាត់បានអះអាងថា ក្រុមប្រឹក្សាព្រះមហាក្សត្រថៃ ជបានគាំទ្រការចំពោះធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយលោកស្រី យីងឡាក់ ជាប្អូនស្រីរបស់គាត់។

ចាប់តាំងពីការសម្ភាសន៍ជាមួយទូរទស្សន៍កូរ៉េ ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត លោកថាក់ស៊ីន ក៏ប្រឈមមុខនឹងការចោទប្រកាន់ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រផងដែរ។

ប្រសិនបើត្រូវបានតុលាការរកឃើញថា មានពិរុទ្ធភាព លោកថាក់ស៊ីនអាចនឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារយ៉ាងតិចបីឆ្នាំ តាមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រដែលកំណត់ការផ្តន្ទាទោសអប្បបរមា៣ឆ្នាំ និងអតិបរមា១៥ឆ្នាំ ចំពោះទង្វើទាំងឡាយណាដែលបង្ខូចកេរ្តិ៍ឈ្មោះ ការប្រមាថ ឬគំរាមកំហែងដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី អ្នកស្នងរាជ្យ ឬ អ្នកមានរាជានុសិទ្ធ៕