
ថៃ៖ អតីតព្រះចៅអធិការវត្ត Chujit Dhammaram ក្នុងទីក្រុង Ayutthaya បានសារភាពថា ខ្លួនបានផ្ទេរប្រាក់ប្រមាណជិត ១៣ លានបាត ទៅស្ត្រីម្នាក់ ដែលគេស្គាល់ថាជា «Sika Golf» ដែលជាតួអង្គដ៏សំខាន់នៅក្នុងរឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងព្រះសង្ឃជាន់ខ្ពស់នៅទូទាំងប្រទេសថៃ។ នេះបើយោងតាមចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។
ពាក់ព័ន្ធករណីនេះ ក្រុមមន្ត្រីនៃគណៈកម្មការប្រឆាំងអំពើពុករលួយផ្នែកសាធារណៈ (PACC) និងផ្នែកប្រឆាំងអំពើពុករលួយ (ACD) ចុះធ្វើការស៊ើបអង្កេតកាលពីថ្ងៃចន្ទកន្លងមកនេះ ដើម្បីតាមដានប្រតិបត្តិការហិរញ្ញវត្ថុ និងសាកសួរព្រះចៅអធិការវត្តព្រះនាម Phra Theppatcharaporn និងបានបង្ហាញឆន្ទៈក្នុងការសហការតាមនីតិវិធីច្បាប់ជាមួយសមត្ថកិច្ចថៃ។
ការស៊ើបអង្កេតបានបង្ហាញថា ការចូលរួមបរិច្ចាកថវិកាសម្រាប់វត្ត ត្រូវបានធ្វើឡើងតាមរយៈគណនីធនាគារផ្ទាល់ខ្លួនរបស់អតីតព្រះចៅអធិការវត្ត ព្រះនាម Phra Theppatcharaporn ដែលប្រើប្រាស់សម្រាប់តម្កល់អំណោយពីពិធីសាសនា និងការកសាងផ្សេងៗ។
របាយការណ៍បានបង្ហាញថា ទឹកប្រាក់ ចំនួន ១២.៨ លានបាត ត្រូវបានផ្ទេរចេញពីគណនីរបស់អតីព្រះចៅអធិការវត្ត ទៅឱ្យ «Sika Golf» ដោយប្រតិបត្តិការតាមរយៈប្រព័ន្ធទូរសព្ទចល័ត។ ក្រៅពីនោះ ប្រាក់ចំនួន ៣៨ ម៉ឺនបាតទៀតត្រូវបានផ្ទេរដោយផ្ទាល់ពីគណនីវត្តទៅឱ្យនាង។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចន្លោះ ខែមករា ដល់ខែកក្កដា កាលពីឆ្នាំមុន ក្នុងចំណោមប្រតិបត្តិការនេះមានមួយដង មានទឹកប្រាក់រហូតដល់ ១០ លានបាតឯណោះ។
អាជ្ញាធរបាននិយាយថា ទង្វើរបស់អតីតព្រះចៅអធិការវត្តអង្គនេះ បានបំពានមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តខុសរបស់មន្ត្រីសាធារណៈ។ អាជ្ញាធរបាននិយាយថា Sika Golf ដោយអះអាងប្រាប់អតីតព្រះចៅអធិការថា ខ្លួនជាស្ត្រីអ្នកមាន និងមានទំនាក់ទំនងល្អជាមួយព្រះសង្ឃជាន់ខ្ពស់ ដើម្បីទទួលបានការទុកចិត្ត។
អតីតព្រះចៅអធិការវត្តរូបនេះ បានសារភាពថា ព្រះអង្គពិតជាឆោតល្ងង់ និងទទួលស្គាល់ទង្វើរបស់ខ្លួនថាខ្វះក្នុងការវិនិច្ឆ័យ (ចាញ់បោកគេ)។ លោកបានអះអាងថា ប្រាក់នេះត្រូវបានផ្ទេទៅឱ្យ «Sika Golf» ដើម្បីធ្វើអាជីវកម្ម។ ដោយសារការទុកចិត្ត ទើបមិនបានធ្វើកិច្ចព្រមព្រៀងជាលាយល័ក្ខអក្សរនោះ ហើយ Sika Golf នាងបានរត់គេចវេសពីការសងប្រាក់ទាំងនេះមកវិញ។
ករណីដាច់ដោយឡែកមួយទៀត ពាក់ព័ន្ធនឹងអតីតព្រះចៅអធិការវត្ត Tri Thotsathep បានភៀសខ្លួនទៅប្រទេសឡាវ ដើម្បីគេចវេសពីការស៊ើបអង្កេតលើអំពើពុករលួយ។ ការស៊ើបអង្កេតក៏បានកត់សម្គាល់ផងដែរថា វត្ត Chujit Dhammaram ខ្វះគណៈកម្មាធិការវត្ត ដើម្បីត្រួតពិនិត្យ តាមដានលើប្រាក់ចំណូលចំណាយក្នុងវត្តផងដែរ។
ទាំងអតីតព្រះចៅអធិការវត្ត និង Sika Golf បានបដិសេធថាពួកគេមិនមានទំនាក់ទំនងស្នេហាជាមួយគ្នានោះទេ៕