
ប្រទេសចិន៖ បុរសជនជាតិចិន អាយុ ៣៨ ឆ្នាំម្នាក់ នៅឯទីក្រុង Nanjing ប្រទេសចិន ត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំខ្លួនជាស្រី ដើម្បីទាក់ទាញបុរសជាង ១,៦០០ នាក់ ដើម្បីឱ្យរួមភេទជាមួយខ្លួន ដោយបានលួចថតវីដេអូទុកជាសម្ងាត់ និងបានចែកចាយតាមប្រព័ន្ធអ៊ីនធឺណិត បង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមចិន។
យោងតាមរបាយការណ៍របស់កាសែត South China Morning Post ប៉ូលីសក្នុងតំបន់បានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី ៥ ខែកក្កដា កន្លងទៅ ក្រោមការចោទប្រកាន់ពីបទផ្សព្វផ្សាយខ្លឹមសារអាសអាភាស និងបង្កឲ្យមានការផ្ទុះកក្រើកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ក្រោមឈ្មោះហៅក្រៅថា "Uncle Red" ខណៈដែលអ្នកប្រើប្រាស់បណ្ដាញសង្គមខ្មែរនិយមហៅជនសង្ស័យខាងលើថា "ចែហុង" ។
យោងតាមអាជ្ញាធរចិនបានឲ្យដឹងថា បុរសជនសង្ស័យរូបនេះតែងតែស្លៀកពាក់និងតុបតែងគ្រឿងសម្អាង សក់ពាក់ និងសំពត់វែងៗ ដើម្បីក្លែងបន្លំជាស្រី ក្នុងបំណងដើម្បីទាក់ទាញបុរសៗជាច្រើនមកក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន។
បន្ទាប់មក ជនសង្ស័យរូបនេះ ក៏បានលួចបង្កប់កាំមេរ៉ាក្នុងបន្ទប់ ដើម្បីថតការជួបគ្នាដោយគ្មានការយល់ព្រមពីជនរងគ្រោះ។
បន្ទាប់ពីនោះ វីដេអូទាំងនេះ ក៏ត្រូវបានបង្ហោះចូលទៅក្នុងក្រុមឯកជនតាមអ៊ីនធឺណិត ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមបានរាយការណ៍ថា ពួកគេត្រូវបង់ថ្លៃជាវចំនួន ១៥០ យន់ សម្រាប់ការចូលមើលរូបភាពនិងវីដេអូអាសអាភាសទាំងនោះ។
ក្រោយបែកធ្លាយ រឿងរ៉ាវដូចខាងលើ ជនរងគ្រោះមួយចំនួនបានរកឃើញវីដេអូលេចធ្លាយរបស់ពួកគេ និងបានរាយការណ៍ទៅអាជ្ញាធរ។
ហើយបុរសជនជាតិចិនខាងលើ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួន ដោយរូបគេបានឆ្លើយសារភាពថា ខ្លួនបានថតសកម្មភាពផ្លូវភេទជាមួយបុរសជាជនរងគ្រោះសរុបជាង ១,៦០០ នាក់។
ទោះជាយ៉ាងណា ចំពោះទិន្នសារភាពខាងលើ ប៉ូលិសសង្ស័យថា តួលេខនេះប្រហែលជាការបំផ្លើសប៉ុណ្ណោះ។
គួរបញ្ជាក់ឲ្យដឹងថា នៅក្រោមច្បាប់របស់ប្រទេសចិន ការចែកចាយសម្ភារៈអាសអាភាសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារជាអតិបរមាចំនួនពីរឆ្នាំ។
ហើយជនសង្ស័យក៏អាចប្រឈមមុខនឹងការចោទប្រកាន់បន្ថែមពីបទរំលោភលើសិទ្ធិឯកជនភាព និងសិទ្ធិរូបភាពរបស់បុគ្គលដែលពាក់ព័ន្ធផងដែរ៕
