2025-07-09 17:05
10

គុនខ្មែរ៖ គុនខ្មែរស៊ុបភើហ្វៃត៍ Kun Khmer Super Fight (KSF) នាំយកថ្នាលគុនខ្មែរចេញទៅក្រឡុកទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ អមដោយកីឡាករថ្នាលគុនខ្មែរខ្លាំងពូកែ៦រូប ជាមួយនឹងការដណ្ដើមខ្សែក្រវាត់ និងពានរង្វាន់កិត្តិយសទាំងអស់។

គុនខ្មែរស៊ុបភើហ្វៃត៍ ដឹកនាំដោយលោក សឿ វណ្ណៈ សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោយមានការបើកភ្លើងខៀវពិភាគីម៉ាឡេស៊ី នឹងនាំយកថ្នាលគុនខ្មែរចេញទៅក្រឡុកពហុកីឡាដ្ឋាន ឌីវាន់ ដាតូ អាមេដ រ៉ាហ្សាលី (Dewan Dato Ahmat Razali) ទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី ដោយកីឡាករថ្នាលគុនខ្មែរ៦រូប តទល់ជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី៦រូបដូចគ្នា ប្រកួតដណ្ដើមខ្សែក្រវាត់៣ខ្សែ និងដណ្ដើមពានរង្វាន់កិត្តិយស៣គ្រឿង ។

កីឡាករថ្នាលគុនខ្មែរខ្លាំងពូកែទាំង៦រូប មានដូចជា៖ រិទ្ធី គីងកុង, រិទ្ធី ហុងបញ្ញា, ធន់ ឧត្តម, រិទ្ធី វីរៈ, រិទ្ធី អ៊ីចយ, និង រិទ្ធី មាន់ព្រៃ ។

ក្នុងនោះ កីឡាករ រិទ្ធី គីងកុង ប៉ះជាមួយម្ចាស់ផ្ទះ អ៉ីស្លាម រេមបូ (Islam Rembo), កីឡាករ រិទ្ធី ហុងបញ្ញា ប៉ះជាមួយម្ចាស់ផ្ទះ ខេលីស ម៉ូហាមេត (Khalish Muhamat), កីឡាករ ធន់ ឧត្តម ប៉ះជាមួយម្ចាស់ផ្ទះ អាដាម មីខេល (Ahdam Mikail) ។ ទាំង៣គូប្រកួតនេះ ត្រូវមានភារៈដណ្ដើមខ្សែក្រវាត់សហព័ន្ធគុនខ្មែរអន្តរជាតិ (Kun Khmer International Federation)

កីឡាករ រិទ្ធី វីរៈ ប៉ះជាមួយ ម៉ូហាមេត (Muhamat), កីឡាករ រិទ្ធី អ៊ីចយ ប៉ះជាមួយម្ចាស់ផ្ទះ សារីន អាយឌីល (Sahrin Aidil), និងកីឡាករ រិទ្ធី មាន់ព្រៃ ប៉ះជាមួយម្ចាស់ផ្ទះ ចិន វី (Chen Wee) ។ ទាំង៣គូប្រកួតនេះ ត្រូវមានភារៈដណ្ដើមពានរង្វាន់កិត្តិយស។

ដូច្នេះ សម្រាប់កីឡាករថ្នាលខ្លាំងពូកែទាំង៦រូប មានភារៈដណ្ដើមខ្សែក្រវាត់៣រូប និង៣រូបទៀតដណ្ដើមពាន។ តើអ្នកទាំង៦ អាចដណ្ដើមខ្សែក្រវាត់ និងពាន ត្រឡប់មកកម្ពុជាវិញបានប៉ុន្មាន? សូមកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា ការប្រកួតនៅថ្ងៃទី១២ កក្កដា ខាងមុខនេះ តាមរយៈការផ្សាយបន្តផ្ទាល់ដោយផេកផ្លូវការរបស់ KSF Kun Khmer Haha Super Fight, ផេកសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, ចាប់ពីវេលាម៉ោង២រសៀល (ម៉ោងនៅម៉ាឡេស៊ី) និងម៉ោង៣រសៀល តទៅ (ម៉ោងនៅកម្ពុជា) ៕