2025-07-09 15:10
9

ភ្នំពេញ៖មន្រ្តីជំនាញនៃក្រសួងបរិស្ថាន រួមជាមួយសហការជាមួយអាជ្ញាធរខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្ត អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និង ដៃគូអភិវឌ្ឍន៍ កំពុងរួមគ្នាសិក្សាលើទិន្នន័យនិងពិនិត្យពិភាក្សា ទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរ ចំនួន២គឺភ្នំសំពៅ និង តំបន់ភ្នំបាណន់ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីរៀបចំ ចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ។

មន្រ្តីអ្នកនាំពាក្យក្រសួងងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៥នេះថាតាមរយៈការរពិនិត្យ ស្រាវជ្រាវពីសំណាក់មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ បានកំពុងប្រែក្លាយតំបន់នេះជាតំបន់ដែលមានសក្តានុពលយ៉ាងសំខាន់ ប្រវត្តិសាស្រ្ត និងមានសម្បត្តិធនធានធម្មជាតិដែលអាចរៀបចំជាគោលដៅលំហែបៃតងផដែរ។

លោក ហេង ហុង ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ជាប្រធានក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី៧- ៨ ខែកក្កដា ឆ្នាំ២០២៥ បានសហការជាមួយ អ្នកស្រាវជ្រាវមកពី អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តបាត់ដំបង បានផ្សព្វផ្សាយលទ្ធផលស្តីពី «ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅ ភ្នំបាណន់ និងភ្នំសំពៅ» ដោយអង្គការ(FFI) និងនាយកដ្ឋានជីវៈចម្រុះ កាលពីឆ្នាំ២០២៤, និងបានចុះពិនិត្យទីតាំងសក្តានុពលនៅភ្នំបាណន់និងភ្នំសំពៅ និងជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋាន។ 

សូមបញ្ជាក់ថា តាមលទ្ធផលនៃកាសិក្សាស្រាវជ្រាវដោយដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ(Camera trap) បានរកឃើញប្រភេទសត្វស្ថិតនៅក្នុងចំណាត់ថ្នាក់កំពុងរងគ្រោះថ្នាក់ជាសាកល រួមមាន សត្វពង្រូល, ក្ងោក, កែះ, ស្វាត្រោស, ស្វាក្តាម និងប្រភេទសត្វ មានដោយបង្គួរជាច្រើនទៀត ដូចជា សត្វឆ្កែចចក, ឆ្មាដាវ, ប្រម៉ា, ក្តាន់ញ៉ែងតូច និងជាពិសេសបានរកឃើញប្រភេទសត្វតុកកែ,សត្វជីងចក់ និងខ្យងគោកដែលជាប្រភេទថ្មីសម្រាប់កម្ពុជានិងពិភពលោក។ សូមបញ្ជាក់ថាភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងក្រុងបុរាណខ្មែរនាសម័យអង្គរ, មានសិលាចារឹក K.1434, មានប្រាសាទបុរាណ, មានល្អាងជាច្រើន និងជាទីតាំងថ្មកំបោរដ៏កម្រដែលជាអតីតនៅក្នុងសមុទ្រមានអាយុកាលក្នុងស័កទី១ Paleozoic ក្នុងសម័យកាល Permian មានអាយុកាល(២៥១-២៩៩ លានឆ្នាំមុន)។ ក្រៅអំពីសក្តាសក្តានុពលតម្លៃជីវៈចម្រុះ និងធនធានធម្មជាតិ, តម្លៃវប្បធម៌ប្រវត្តិសាស្រ្ត, ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងទាក់ទាញភ្ញៀវទេសចរទៅគោរពបូជាផ្នែកសាសនា, ទស្សនាព្រៃឈើ និងទស្សនាផ្ទាំងទស្សនីយ ភាពសត្វប្រចៀវ ហោះហើរចេញពីរូងជារៀងរាល់ថ្ងៃ នៅចន្លោះម៉ោង៥ ដល់ម៉ោង៦ល្ងាច ដែលផ្ទាំងទស្សនីយភាពនេះ អ្នកភូមិហៅហ្វូងប្រចៀវទាំងនោះថា«កងទ័ពប្រចៀវ» មានប្រមាណ ៥លានក្បាល។

ជាមួយនិងផលប្រយោជន៍ផ្នែកទេសចរណ៍ខាងលើ សត្វប្រចៀវបានផ្តល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន តាមរយៈប្រមូលអាចម៍ប្រចៀវពីក្នុងល្អាងនៃភ្នំទាំង២ ដែលក្នុងមួយឆ្នាំៗ ជាមធ្យមទទួលបាន ៣ម៉ឺនដុល្លារ ពីភ្នំបាណន់ និង២ម៉ឺនដុល្លារពីភ្នំសំពៅ។ 

កន្លងមកថ្មីៗនេះអ្នកជំនាញបានរកឃើញនៅភ្នំបាណន់ និងថ្មកំបោរខេត្តបាត់ដំបងជាប្រភេទ «ខ្យងឧទយាទិត្យ»ជាកំណត់ត្រាថ្មីរបស់ពិភពលោកនិងត្រូវបានទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត។ អ្នកជំនាញបានឱ្យដឹងដែរថាការរកឃើញនេះ គឺជាខ្យងរស់ មិនមែនជាសំណាកខ្យងទេ ហើយវាមានចំនួនច្រើននៅតាមភ្នំថ្មកំបោរក្នុងខេត្តបាត់ដំបង ពិសេសនៅភ្នំបាណន់តែម្តង។ លើសពីនេះកាលពីថ្មីៗកន្លងមក ក្រសួងបរិស្ថានក៏រកឃើញប្រភេទតុកែនិងជីងចក់ កំណត់ត្រាថ្មីសម្រាប់ពិភពលោកនៅកម្ពុជា។តុកកែ១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម ដែលក្នុងនោះមកពីក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាមេរិក រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ 

ក្រុមអ្នកស្រាវជ្រាវបានរកឃើញ កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្សាលើប្រភេទជីវៈចម្រុះថ្មីនៅតំបន់ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ហើយថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក ក្នុងនោះរួមមាន៖១-តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់។ kampingpoiensis សរសេរជាភាឡាតាំង មានន័យថាជាភ្នំកំពីងពួយ។ 

២-ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ noctivagus ជាភាសាឡាតាំងមានន័យថារកស៊ីនៅពេលយប់។

៣-ជីងចក់ភ្នំខ្ពស់(Hemiphyllodactylus khpoh)រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ ស្រុកបាណន់។ khpohសរសេរជាភាឡាតាំង មានន័យថាជាភ្នំខ្ពស់។