2025-07-09 14:17
11

 

ភ្នំពេញ៖ ថ្មីៗនេះ មានក្រុមទុច្ចរិតចាប់ផ្ដើមបង្កើត គេហទំព័រហ្វេសប៊ុក ដោយប្រើប្រាស់បច្ចេកវិជ្ជាបញ្ញាសិប្បនិមិត្ត (AI) បង្កើតរូបក្មេងៗជួបទុក្ខសោក ដើម្បីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋតាមប្រព័ន្ធធនាគារ QR Code យ៉ាងផុះផុល។

បច្ចេកវិជ្ជាបញ្ញាសិប្បនិមិត្ត (AI) កំពុងក្លាយទៅជាបញ្ហាដ៏រសើប នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួននៅតាមស្រុកស្រែជនបទ ពិសេសមនុស្សចាស់ ដែលមិនទាន់ស្វែងយល់ច្បាស់ពីបញ្ញាសិប្បនិមិត្ត (AI)នេះ ពិបាកបែងចែកថា ជារឿងពិត ឬ ក្លែងក្លាយណាស់ ខណៈពលរដ្ឋមួយចំនួនទៀតបាននិងកំពុងលងខ្លួនជឿ រហូតឈានដល់ការខាតបង់ប្រាក់កាស ដោយសារតែរូបភាព ដែលក្រុមទុច្ចរិតបានប្រើប្រាស់បញ្ញាសិប្បនិមិត្ត បង្កើតឡើងទៅតាមអ្វីដែរពួកគេចង់បាន ដើម្បីធ្វើការឆបោកប្រាក់ពីជនរងគ្រោះ។

យ៉ាងណា ជុំវិញបញ្ហានេះនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យា បានធ្វើការអំពាវនាវទៅកាន់សារធារណៈជនគ្រប់មជ្ឈដ្ឋានបានជ្រាបថា៖

សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌

ថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ពីជនខិលខូច ក្នុងគោលដៅឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។ 

ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ ជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួសសប្បុរសទៅឱ្យពួកគេ។ 

ក្នុងន័យនេះ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងចូលរួមប្រើប្រាស់វិធីសាស្រ្តមួយចំនួន ដូចខាងក្រោម៖

1. កុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម

2. កុំចុចតំណភ្ជាប់នានា ដែលគ្មានប្រភពច្បាស់លាស់ 

3. សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ដែលនៅជិតលោកអ្នកបំផុត

4. សូមកុំចែករំលែកបន្ត ( Share ) នៅលើគណនីបណ្តាញសង្គមរបស់លោកអ្នក

5. សូមចូលរួមរាយការណ៍ទៅកាន់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម (Report) ដូចជា Facebook, Telegram, TikTok សម្រាប់ករណីក្លែងក្លាយខាងលើ ៕