
សូមបញ្ជាក់ថា ក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. ជាប្រភេទរោងចក្រផលិត គ្រឿងបង្គុំ-បន្ទាប់បន្សំ ស្បែកជើង ដែលមានអាសយដ្ឋានស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបានបង្កឱ្យមានការបំពុលខ្យល់សាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ដែលក្រសួងបរិស្ថាន បានរកឃើញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើស ទៅនឹងមាត្រា ១៥៦ មាត្រា៣១២ មាត្រា៣១៣ មាត្រា៣១៤ មាត្រា៣១៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៥និងមាត្រា៨ នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពី “ការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង”។ ក្នុងន័យនេះ ដើម្បីការពារគុណភាពខ្យល់សាធារណៈ និងទប់ស្កាត់ការបំពុលខ្យល់ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន ក្រសួងបរិស្ថានសម្រេច ឱ្យក្រុមហ៊ុនបញ្ឈប់ដំណើរការ ឡដុតទាំងពីរទីតាំង ក្នុងផលិតកម្មជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន។ ក្នុងករណីក្រុមហ៊ុន មិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត៕
