2025-07-09 14:00
10

ភ្នំពេញ ៖ បន្ទាប់ពីមន្ទីសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបិទមន្ទីរសម្រាកព្យាបាល មេត្តាសំណង់១២ ស្រាប់តែនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ លោក ហ៊ាង រតនា ម្ចាស់មន្ទីរសម្រាកព្យាបាល មេត្តាសំណង់១២ បានបង្ហោះសារឈឺចាប់របស់លោក យ៉ាងដូច្នេះថា"ពេលនេះគ្លីនិកមេត្តាសំណង់ 12 ត្រូវបានបិទ។ ខ្ញុំមានមនោសញ្ជេតនា និងអនុស្សាវរីយ៍ ជាមួយទីនេះ និងជាមួយអ្នកជំងឺនៅទីនេះច្រើនណាស់ ពេលនេះបេះដូងរបស់ខ្ញុំដូចត្រូវបានកាំបិតមួយចាក់យ៉ាងជ្រៅ ណាមួយគឺទិដ្ឋភាពដែលម្តាយអោបសាកសពកូនយំនៅដិតដាមចំពោះមុខខ្ញុំ នេះគឺជាលើកទីមួយហើយក្នុងឆាកជីវិតខ្ញុំ ដែលខ្ញុំព្យាយាមជួយសង្រ្គោះអ្នកជំងឺដោយខ្លួនឯងផ្ទាល់ហើយ និងហើយបញ្ជូនជំងឺបន្តដើម្បីជួយសង្រ្គោះហើយ តែនៅតែមិនអាចជួយសង្រ្គោះអ្នកជំងឺបាន។ វាបានប៉ះទង្គិចផ្លូវចិត្តខ្ញុំខ្លាំងណាស់ នៅហេតុការទាំងនេះ និងជាពិសេសនៅពេលលឺពាក្យថា «ព្យាបាលដើម្បីលុយ»។ ខ្ញុំដឹងច្បាស់អំពីខ្លួនឯង ថាទឹកចិត្តខ្ញុំបែបណា ថាចង់ធ្វើអ្វីដើម្បីអ្វី ទស្សនៈវិស័យរបស់ខ្លួនឯងបែបណា ខ្ញុំលះបង់អ្វីខ្លះ។ ពេលនេះខ្ញុំសួរខ្លួនឯងថាតើ ខ្ញុំគួរបន្តទៀតទេ??? នោះសូមបងប្អូនវាយតម្លៃចុះ ថាខ្ញុំជាមនុស្សបែបណា ជាគ្រូពេទ្យបែបណា? បងប្អូនអាចខំមិនបានទាំងអស់ មិនថាបងប្អូនជាគ្រូពេទ្យ អ្នកស្អប់ខ្ញុំ អ្នកស្រលាញ់ខ្ញុំ ជាអ្នកជំងឺខ្ញុំឬក៏មិនមែន បើខ្ញុំមើលឃើញថា មានខំមិនចាប់ពី 5% ទៅ ថាខ្ញុំជាគ្រូពេទ្យមិនល្អ នោះខ្ញុំនឹងបញ្ចប់អាជីពជាគ្រូពេទ្យរបស់ខ្លួន បោះបង់សញ្ញាប័ត្រ និងគណគ្រូពេទ្យរបស់ខ្ញុំចោល និងឈប់ធ្វើជាគ្រូពេទ្យពេញមួយជីវិតរហូតដល់ថ្ងៃខ្ញុំស្លាប់។
#បញ្ជាក់សារនេះ មិនមែនជាការឆ្លើយតប ឬបកស្រាយអ្វីមួយនោះទេ គឺខ្ញុំគ្រាន់តែចង់រំដោះផ្លូវចិត្តរបស់ខ្ញុំ"។
ទាក់ទិនបញ្ហានេះ កាលពីវេលាម៉ោង ៩៖៤០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំង"មន្ទីរសម្រាកព្យាបាល មេត្តាសំណង់១២"ស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើល ។
ដោយក្រុមគ្រួសាររងគ្រោះ អះអាងថា
កូនប្រុសរបស់ខ្លួនឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ បានស្លាប់នៅវេលាម៉ោង៧៖៥០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ជូនចេញពី"មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២"។
ពូបង្កើតរបស់ក្មេងរងគ្រោះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ទារកខាងលើនេះ មានជំងឺគ្រនឈាម ហើយបានទៅសម្រាកព្យាបាល នៅ"មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២" កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីទារកក្តៅខ្លួន!។
ពេលទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខាងលើ ស្ថានភាពទារកកាន់តែធ្ងន់ធ្ងរទៅៗ។
ដោយគ្រូពេទ្យហាក់ដូចជា មិនយកចិត្តទុកដាក់ ហើយនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ 
ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរជ្រុលហួសទៅហើយ គ្រូពេទ្យមិនអាចជួយបាន ហើយទារកក៏បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង ៧៖៥០នាទីព្រឹកតែម្ដង។
ក្រោយពីដឹងថា ក្មួយប្រុសជាទីស្រលាញ់របស់គាត់ស្លាប់ ក៏បានស្រែកទ្រហោយំយ៉ាងខ្លាំង ហើយបានចោទប្រកាន់មកលើគ្រូពេទ្យនៅ"មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២"ថា មានការធ្វេសប្រហែសមិនយកចិត្តទុកដាក់ បណ្ដោយឲ្យកូនរបស់គាត់រហូតដល់ធ្ងន់ធ្ងរបាត់បង់ជីវិត។ 
ក្នុងក្រុមគ្រួសាររងគ្រោះ ក៏បានប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ដើម្បីឲ្យជួយរកយុត្តិធម៌ ព្រមទាំងបីកូនជាទីស្រឡាញ់របស់គាត់ ទៅដល់មន្ទីរពេទ្យតែម្ដង។
បន្ទាប់មកក៏បានឃើញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏ដូចជានគរបាលមូលដ្ឋាន និងនគរបាលជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ ក៏ចុះទៅត្រួតពិនិត្យ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅ"មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២"។