2025-07-09 10:55
10

ភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះ បិទនិងរុះរើផ្លាកយីហោទម្លាក់ចេញ បន្ទាប់ពីព្យាបាលបណ្ដាលឲ្យក្មេងប្រុសអាយុ ៨ខែម្នាក់ បានស្លាប់បាត់បង់ជីវិត ។

ការចុះបិទមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ នេះ បានធ្វើឡើងកាលពី រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ដោយធ្វើឡើងទៅតាមសេចក្តីសម្រេច ស្តីពីការបិទមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់ ១២ លេខ៦០៤/២៥ រប ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមលោកវេជ្ជបណ្ឌិត កែវ វិបុល អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ,លោក កែវ សុភា អភិបាលរង នៃគណៈអភិបាលខណ្ឌទួលគោក និងអាជ្ញាធសង្កាត់ ។

មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ ស្ថិតនៅផ្ទះលេខ២៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងឱកាសនោះគណៈកម្មការ ក៏បានប្រគល់សេចក្តីជូនលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ដែលជាម្ចាស់ទុនមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ផងដែរ ៕

គួររំលឹកថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងករណីមន្ទីរសម្រាកព្យាបាលជំងឺ យីហោ «មេត្តាសំណង់១២» បានព្យាបាលជំងឺបណ្តាលឱ្យទារកមានអាយុ៨ខែម្នាក់ស្លាប់ ខណៈពេលនេះ ឪពុកម្តាយរបស់ទារករងគ្រោះមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវ ដើម្បីរកយុត្តិធម៌ឱ្យកូនប្រុសរបស់ខ្លួន។ 

ការភ្ញាក់ផ្អើលករណីមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» ព្យាបាលបណ្តាលឱ្យទារកស្លាប់នេះ កើតមានឡើងកាលពីវេលាម៉ោង ០៩និង៤០នាទីព្រឹក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅផ្ទះលេខ ៦៤L ផ្លូវលេខ ២៦៥ ក្នុងភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

ទារកដែលស្លាប់ក្រោយចូលទៅទទួលសេវាព្យាបាល និងពិគ្រោះជំងឺ ក្នុងមន្ទីរពេទ្យឯកជនខាងលើ មានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ ៨ខែ បានស្លាប់នៅវេលាម៉ោង ០៧និង៥០នាទីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីមានស្ថានភាពធ្ងន់ធ្ងរគ្រូពេទ្យ មេត្តាសំណង់១២ បានបញ្ជូនចេញពីមន្ទីរពេទ្យនេះ ដើម្បីបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ តាមការប្រភពបានឱ្យដឹងថា ទារករងគ្រោះមានជំងឺគ្រុនឈាម បានចូលសម្រាក និងព្យាបាលក្នុងមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានអាការៈក្តៅខ្លួន។ 

ពេលនេះឪពុកម្តាយ និងសាច់ញាតិទារករងគ្រោះមិនសុខចិត្តដោយចោទប្រកាន់ក្រុមគ្រូពេទ្យនៃមន្ទីរសម្រាកព្យាបាលជំងឺ យីហោ «មេត្តាសំណង់១២» មានធ្វេសប្រហែសមិនយកចិត្តទុកដាក់ទុកបណ្ដោយឲ្យកូនរបស់គាត់រហូតដល់ធ្ងន់ធ្ងរបាត់បង់ជីវិត និងបានប្តឹងសមត្ថកិច្ចក៏ដូចជាមន្រ្តីពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ ដើម្បីឲ្យជួយរកយុត្តិធម៌។

ក្រោយមានការភ្ញាក់ផ្អើលករណីខាងលើ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលប៉ុស្តិ៍ អធិការខណ្ឌ និងមន្ត្រីនគរបាលជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ ចុះទៅត្រួតពិនិត្យ នៅមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២»។

ចំពោះលទ្ធផលនៃការចុះស្រាវជ្រាវលើករណីមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» មិនទាន់មានការបញ្ជាក់អំពីមូលហេតុនៃការស្លាប់របស់ទារកនោះឡើយ ហើយករណីនេះ អង្គភាពសារព័ត៌មានយើងអាចសុំការបំភ្លឺពីម្ចាស់មន្ទីរពេទ្យបាននៅឡើយទេ៕