2025-07-09 10:52
8

ភ្នំពេញ : បុរសម្នាក់បានផឹកស្រាស្រវឹង ហើយចង់ច្រៀងខារ៉ាអូខេ ស្រាប់តែកូនមកឃាត់បែរជាខឹងនឹងកូនរួចឡើងទៅលើផ្ទះចង កសម្លាប់ខ្លួនតែម្តង។

ហេតុការនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧នឹង៤០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅផ្ទះលេខ១៦ ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះហង់ ចិន្តា ថ្ងៃ ខែ ឆ្នាំកំណើត០៥ ខែកញ្ញា ឆ្នាំ១៩៦៩ មុខរបរមន្ត្រីរាជការ ឋានន្តរស័ក្ខិ អនុសរនីយ៍ឯក អាស័យដ្ឋានផ្ទះលេខ១៦ ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុនៅពេលព្រលប់ៗ ខណៈដែលបុរសម្នាក់ខាងលើបានអង្គុយផឹកស៊ីស្រាប់តែពេលស្រវឹង នឹងឃើញចង់ច្រៀងខារ៉ាអូខេតែពេលនោះត្រូវបានកូនឃាត់មិនឲ្យច្រៀងខារ៉ាអូខេនោះទេ ដែលធ្វើឲ្យគាត់ខឹងក៏បានឡើងទៅលើផ្ទះ លុះមួយសន្ទុះក្រោយមក ស្រាប់តែប្រទះឃើញបុរសរូបនោះបានចង កសម្លាប់ខ្លួននៅនឹងបង្អួចផ្ទះដោយស្ថានភាពលត់ជង្គង់បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ហើយក៏រាយការទៅសម្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុដើម្បីពិនិត្យ។

ប្រភពបានបន្តឲ្យដឹងបន្ថែមថាកន្លងមកបុរសខាងលើតែងតែព្យាយាមធ្វើអត្តឃាតខ្លួនឯងជាច្រើនដងមកហើយតែមិនបានសម្រេច ដោយមិនដឹងពីមូលហេតុ។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសម្ថកិច្ចផ្នែកជំនាញកោសលវិច័យ្យរបស់ស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យ នឹងធ្វើកណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។