2025-07-08 14:43
8

កំពង់ស្ពឺ៖ ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ការអប់រំមនុស្ស គឺគ្មានអ្វីក្រៅពីការបណ្តុះបណ្តាលធនធានមនុស្សយើងឱ្យមានចំណេះ ជំនាញបច្ចេកទេស និងគុណវុឌ្ឍិ សម្រាប់ទៅថ្ងៃអនាគត់ “ដាំក្នុងសាលាផ្លែផ្កានៅក្នុងសង្គម” គឺរៀនថ្ងៃនេះ សម្រាប់ជាធនធាន និងទទួលបានផលផ្លែផ្កា និងភាពជោគជ័យនៅថ្ងៃអនាគត់»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា, ផ្ទះគ្រូបង្រៀន, ទីចាត់ការ និងសមិទ្ធផលនានា នៅតាមសាលាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា៖ «សម្តេចមានឱកាសរៀនបានចប់ថ្នាក់បណ្ឌិតនៅក្រៅប្រទេស ក៏ដោយសារគុណអ្នកគ្រូដែលបានបង្រៀនពីថ្នាក់ទី១ គាត់បានចាប់ផ្តើមបង្រៀនឱ្យចេះសរសេរអក្ស “ក” ដល់ “អ” និងពីលេខ “១” ដល់លេខ “១០” ទើបអាចសរសេរតែងសេចក្តី ធ្វើលំហាត់ […] និងស្រាវជ្រាវឯកសារផ្សេងៗបន្ថែមទៀតបាន»។

សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការកសាង និងអភិវឌ្ឍធនធានមនុស្ស គឺសំខាន់ដែលចាប់ពី ក្រោយរំដោះប្រទេស ថ្ងៃ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានផ្តោតលើការស្តារវិស័យ អប់រំ ជាអាទិភាព ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់បំផុត»។ សម្តេចបានបន្ថែមថា៖ «មូលធនមនុស្សដើរតួនាទីសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឱ្យទៅជាការពិតឆ្នាំ២០២៣០ និងឆ្នាំ២០៥០ ពីព្រោះការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវសមត្ថភាពប្រកួតប្រជែងប្រកបដោយជោគជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុង បរិការណ៍តំបន់ និងសកលលោក»។

មននឹងបញ្ចប់, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «អាជីពគ្រូបង្រៀនមិនមែនជាអាជីពធ្វើមហាសេដ្ឋីទេ ប៉ុន្តែអាជីពគ្រូបង្រៀនដែលទទួលបាននោះ គឺ កិត្តិយស។ មានតែអាជីពគ្រូបង្រៀននេះទេ ដែលអង្គុយញញឹមពេលឃើញសិស្សទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត»។ 

ភ្ជាប់នឹងគុណតម្លៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា៖ «វិស័យអប់រំត្រូវបានធ្វើការកែទម្រង់ជាប់ជាប្រចាំ ដើម្បីពង្រឹងអភិបាលកិច្ចស្ថាប័ន និងបង្កើតបរិយាកាសល្អសម្រាប់ការអប់រំប្រកបដោយបរិយាប័ន្ន សំដៅជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹងទូលំទូលាយ, ជំនាញបច្ចេកទេសច្បាស់លាស់, ជំនាញទន់សមស្រប និងមានសុខភាពល្អ សម្រាប់បំពេញតម្រូវការនៃការអភិវឌ្ឍជាតិ និងទីផ្សារការងារ»៕