
កំពង់ស្ពឺ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា៖ «គុណភាពនៃអប់រំបានល្អប្រសើរទៅបានសំខាន់ត្រូវមានគ្រូបង្រៀន ប្រកបដោយគុណភាព គុណវុឌ្ឍិគ្រប់គ្រាន់ ទោះបីជាយើងមានសម្ភារៈឧបទេសគ្រប់គ្រាន់នៅក្នុងសាលារៀនក៏ដោយមិនអាចទៅរួចទេ ព្រោះសិស្សទៅសិក្សាររៀនសូត្រ គឺពឹងលើលោកគ្រូ អ្នកគ្រូ ចុះបើគ្រូបង្រៀងគ្មានសមត្ថភាពបង្រៀនសិស្សយ៉ាងម៉េច»។
សម្តេចធិបតីបានបន្ថែមទៀតថា៖ «អញ្ចឹងគុណវុឌ្ឍិ និងសមត្ថភាពរបស់គ្រូបង្រៀន ភាពច្បាស់លាស់គ្រូបង្រៀន គឺជាការចាំបាច់មិនអាចខ្វះបាន ដូច្នេះរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិនេះបានបន្តវិនិយោគលើការបណ្ដុះបណ្ដាលគុណវុឌ្ឍិគ្រូបង្រៀននេះឯង»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់សារជាថ្មីថា៖ «នៅក្នុងសាលាដែលមិនអាចរកគ្រូជំនាញថ្មីមកបង្រៀនបាន គឺយើងអាចយកគ្រូចាស់ៗដែលពួកគាត់ចូលនិវត្តន៍ ឱ្យមកបង្រៀនបានក្នុងក្របខណ្ឌជាគ្រូកិច្ចសន្យា ដោយមិនត្រូវរងចាំគ្រូថ្មី សម្រាប់សាលាមានកង្វះខាតគ្រូបង្រៀននោះទេ ពីព្រោះសាលារៀនត្រូវធានាការអប់រំដល់សិស្ស»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបន្ថែមទៀតថា៖ «អាជីពគ្រូបង្រៀនមិនមែនជាអាជីពធ្វើមហាសេដ្ឋីទេ ប៉ុន្ដែអាជីពគ្រូបង្រៀនទទួលបានមហាសេដ្ឋីកិត្តិយស។ មានតែអាជីពគ្រូបង្រៀននេះទេ អង្គុយញញឹមពេលឃើញសិស្សទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត ដូចពាក្យខ្មែរថា “គ្រូបង្រៀនជាឪពុកម្ដាយទីពីររបស់សិស្ស”។ សម្ដេចបានជំរុញក្រសួងអប់រំ ត្រូវពង្រឹងលើការបណ្ដុះបណ្ដាលសិស្សនៅកម្រិតបឋម និងអនុវិទ្យាល័យឱ្យបានច្រើន ដើម្បីទទួលបានបរិមាណ និងគុណភាពធនធានមនុស្សគ្រប់គ្រាន់របស់កម្ពុជា»៕


