
កំពង់ស្ពឺ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ដើម្បីកសាងសាលាគំរូ ឬសាលាទំនើប លុះត្រាតែមានការចូលរួមពីសំណាក់មាតាបិតារបស់សិស្សជាមួយសាលា ព្រោះគ្រូបង្រៀន និងឪពុកម្តាយជាតួអង្គពីរសំខាន់ណាស់ សម្រាប់ការអប់រំ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «សម្រាប់ការអប់រំសំខាន់ ៣គឺ នៅសាលារៀនមានគ្រូបង្រៀន នៅផ្ទះមានឪពុកម្តាយ និងសង្គមផ្ទាល់គ្មានអ្នកគិតគូរណែនាំ តម្រង់ទិស ឬបង្ហាញផ្លូវទេ វាមានភាពច្របូកច្របលណាស់ មានតែនៅសាលារៀន និងផ្ទះទេ ដែលព្រួយបារម្ភអំពីជោគវាសនា និងអនាគត់របស់ក្មួយ»។
សម្តេចធិបតីបានបន្ថែមទៀតថា៖ «ការកសាងមូលដ្ឋានធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណវុឌ្ឍិ ត្រូវគិតគូរពង្រឹងការអប់រំពីថ្នាក់មតេយ្យ បឋមសិក្សារ និងថ្នាក់មធ្យម ត្រូវបំពាក់បំប៉នសិស្សឱ្យមានគុណភាព។ បច្ចុប្បន្នយើងមានបឋមសិក្សា ជាង ៧ ០០០ ពាន់សាលា អនុវិទ្យាល័យ ជាង ១ ៨០០ សាលា វិទ្យាល័យ ជាង ៦០០ សាលា គឺមានគម្លាតគ្នាច្រើន អញ្ចឹងរាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងអប់រំ សិក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតអនុវិទ្យាល័យ និងវិទ្យាល័យឱ្យបានច្រើន ដើម្បីឱ្យអ្នកបញ្ចប់នៅថ្នាក់បឋមមានឱកាសរៀនបានច្រើន ព្រមទាំងពង្រីងកម្មវិធី TVET បន្ថែមទៀត មិនអាចយករូបមន្តតាមជំនាន់ដើមទេ»។
ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះការវិវឌ្ឍន៍មានការប្រែប្រួល សេដ្ឋកិច្ចរីកលូតលាស់ខ្លាំង មានការប្រកួតប្រជែង ប្រទេសជាតិត្រូវការចាំបាច់មូលធនមនុស្ស អញ្ចឹងត្រូវការពង្រីង ពង្រឹង និងបណ្តុះបណ្តាលធនធានមនុស្សឱ្យបានច្រើន»។
សូមជម្រាបថា នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ។ សមិទ្ធផលថ្មីទាំងនេះនឹងរួមចំណែកកាន់តែច្រើនបន្ថែមទៀតក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ សម្រាប់ការបង្រៀន និងរៀន របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាបម្រើដល់វិស័យអប់រំជាទូទៅ។
បើគិតមកដល់ពេលនេះ ក្នុងខេត្តកំពង់ស្ពឺ មានអគារសិក្សា សរុបចំនួន ១.១៥៨ ខ្នង ដែលស្មើនឹង ៥.១៣៩ បន្ទប់ដែលនេះជាវឌ្ឍនភាពនៃការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ដែលពីមួយឆ្នាំទៅមួយឆ្នាំតែងមានការប្រែប្រួលរីកចម្រើនទៅមុខជាបន្តបន្ទាប់នៅខេត្តកំពង់ស្ពឺ៕


