2025-06-30 16:02
8

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់លើបណ្តាញសង្គមផ្លូវការថា៖ «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា»។

ដូច្នេះហើយ សម្តេចតេជោបុរសខ្លាំងកម្ពុជា សូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកល ដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា «ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង»។

សម្តេចតេជោបានស្រង់សំដីចោរសៀម លោក ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃថា៖ «អាហ៊ុនសែនមហាតេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹងដណ្តើមយកមក ហើយស្អែកអញនឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគុជទៀត ហើយអញសួរហ្អែងថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេញ»។

សម្តេចតេជោ បញ្ជាក់ថា៖ «សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ បង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីរបស់កម្ពុជា ដូច្នេះហើយខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ដោយចរិតឈ្លានពានបែបនេះ ទើបយើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន ត្រូវខិតខំចរចា ដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់។ យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់។ ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាពប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើង និងពិបាកជៀសផុត»។

«ខ្ញុំមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេ តែនេះជាសារដាស់តឿនដល់ បងប្អូនជនរួមជាតិកម្ពុជាដើម្បីត្រៀម ខ្លួនវាយចោរឈ្លានពានទឹកដី»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ៕