
ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ «ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥ ៥០៣ លានដុល្លារអាម៉េរិក កើន ១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ០១៤ លានដុល្លារអាម៉េរិក កើន ១៧,៩៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២៤»។ នេះជាការថ្លែងបញ្ជាក់របស់សម្តេចក្នុងពិធីរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) ដែលបានប្រារព្វនៅវិមាន៧មករា ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ។
សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា៖ «គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ មានចំនួន ២៩០ គម្រោង កើន ១៣៧ គម្រោង និងមានទុនវិនិយោគប្រមាណ ៤,២ ពាន់លាន ដុល្លារអាម៉េរិក កើន ១,៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើនការងារបានប្រមាណ ២០ ម៉ឺនកន្លែង។ ចំនួនសហគ្រាសគ្រឹះស្ថានបានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦ ដែលមានកម្មករនិយោជិត សរុប ១,៨៧ លាននាក់ កើនប្រមាណ ៥ ម៉ឺននាក់»។
សម្តេចតេជោបានបន្ថែមទៀតថា៖ «ចំពោះការបង្កបង្កើនផលស្រូវ រដូវប្រាំងឆ្នាំ២០២៥ សម្រេចបាន ៩០៧ ៨៨៩ ហិចតា លើសឆ្នាំមុន ៦៧ ៧០១ ហិចតា ឯការប្រមូលផលស្រូវរដូវប្រាំង សម្រេចបាន ៤ ២៥៤ ៥០៨តោន លើសឆ្នាំមុន ៤១៨ ០០០តោន ស្មើនឹង ១០,៩០%»។
ដោយឡែកចំពោះវិស័យទេសចរណ៍ សម្តេចតេជោ បានបញ្ជាក់ថា៖ «កម្ពុជា បានទទួលទេសចរអន្តរជាតិ ចំនួន ២,៩៥ លាននាក់ កើន ១១,៧% ឯទេសចរជាតិ មានចំនួន ១៣,១៦ លាននាក់ កើន ៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ ២០២៤។ ជាមួយគ្នានេះ ការកសាង ពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពង់ផែ ព្រលានយន្តហោះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ល។ កំពុងត្រូវបានជំរុញយ៉ាងខ្លាំងថែមទៀត»។
ឆ្លងតាមលទ្ធផលជាក់ស្តែងទាំងអស់នេះ បានបង្ហាញថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តនូវអ្វីៗដែលជាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះមុខប្រជាជនប្រកបដោយជោគជ័យ៕

