
ភ្នំពេញ៖ ថ្លែងក្នុងពិធីរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) ដែលបានប្រារព្វនៅវិមាន៧មករា ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍័នេះ សម្តេចតេ ហ៊ុន សែន បានលើកឡើងថា៖ «បច្ចុប្បន្នកម្ពុជា កំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិប តេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តមោះមុត និងមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន»។
សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា៖ «សន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខ ត្រូវបានការពារយ៉ាងរឹងមាំ, លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវ បានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ, សេដ្ឋកិច្ចជាតិបន្តលូតលាស់ប្រកបដោយចីរភាព, ជីវភាពប្រជាជនមានស្ថិរភាព, កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព»។
សម្តេចតេជោមានប្រសាសន៍ទៀតថា៖ «កាលពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានប្រព្រឹត្តទៅស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្ហាញអំពី ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការទទួលខុសត្រូវលើការអនុវត្តភារកិច្ចរបស់ស្ថាប័ននីតិ-ប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដែលឆ្លើយតបទៅនឹង បំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ជាមួយគ្នានេះ ទំនាក់ទំនងការបរទេស និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាក៏កាន់តែបានពង្រឹង និងពង្រីកថែមទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ក្នុងដំណើរវិវត្តន៍ជាវិជ្ជមាននេះ យើងអាចកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសន្ទុះរីក ចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើន។ តាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ២០២៥»៕


