2025-06-28 10:30
6

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់ កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិ ទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងពិធីរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) ដែលបានប្រារព្វនៅវិមាន៧មករា ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍័នេះ។

សម្តេចប្រធានគណបក្សប្រជាជន បានថ្លែងថា៖ «បន្ទាប់ពីសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ មកគណបក្សបានដឹកនាំប្រទេសតាមមាគ៌ានយោបាយ មួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសភាពការណ៍ជាក់ស្តែង សម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុតលើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរ ទាំងមូលបានរស់នៅយ៉ាងសុខសាន្តប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន និងព្យាបាលបាននូវស្នាមរបួសដ៏ឈឺចាប់បំផុតពីអតីតកាល»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា៖ «ឈរលើមូលដ្ឋានតថភាពនេះ ប្រជាជនពិតជាបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលជាតំណាងនៃឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងជាគណបក្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារជាតិ ការកសាង និងថែរក្សាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបន្តដឹកនាំប្រជាជនឆ្ពោះទៅរកអនាគតដ៏រុងរឿងបាន។ សច្ចធម៌នេះ បានបញ្ជាក់ច្បាស់តាមរយៈ ការគាំទ្រយ៉ាងច្រើនលើសលប់របស់ប្រជាជនមកលើគណបក្សនៅក្នុងរាល់ការបោះឆ្នោតកន្លងមក ទាំងការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់មូលដ្ឋានឃុំ សង្កាត់។ ការគាំទ្រនេះ បានធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយរបស់ខ្លួនដែលបាននាំកម្ពុជា ឱ្យឈានឡើងពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតជាបន្តបន្ទាប់ក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន»។ 

«ជាមួយគ្នានេះ តាមរយៈការគាំទ្ររបស់ប្រជាជន ក៏បានធ្វើឱ្យបរាជ័យនូវឧបាយកលដ៏ពិសពុលរបស់ ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលតែងតែរិះរកគ្រប់វិធីឥតឈប់ឈរប៉ុនប៉ងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា តាមមធ្យោបាយមិនប្រជាធិបតេយ្យ ដែលផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ប្រជាជន»។ នេះជាប្រសាសន៍របស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ថា៖ «ការសម្រេចបានជោគជ័យរបស់គណបក្សក្នុងការដឹកនាំរយៈពេលជាង ៤៦ឆ្នាំមកនេះ គឺអាស្រ័យ ដោយមូលហេតុធំៗ ដូចខាងក្រោម៖

១- គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព។ ២- គណបក្សផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុស ត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់ និងជឿជាក់មកលើគណបក្ស។ ៣- គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ ម៉ត់ចត់។ ៤- គណបក្សមានជួរមន្ត្រីដែលមានជំហរស្មោះត្រង់ មានសមត្ថភាព គុណធម៌ និងសីលធម៌។ ៥- គណបក្សមានការគិតគូរយ៉ាងម៉ត់ចត់ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន និងទី៦- គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ឥតរង្គោះរង្គើ»។
សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បន្ថែមថា៖ «មូលហេតុទាំងនេះ មានសារៈសំខាន់បំផុតសម្រាប់ការដឹកនាំរបស់គណបក្សតទៅមុខទៀត ដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាសេចក្តីប្រាថ្នារបស់ប្រជាជន»៕