
ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូលរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្តល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង។
ការអំពាវនេះធ្វើឡើងក្នុងពិធីរំឭកខួបទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) ដែលបានប្រារព្វនៅវិមាន៧មករា ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍័នេះ។
នាឱកាសនោះសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានសំដែងការគោរពចំពោះវីរភាពរបស់កងទ័ព និងកងនគរបាលដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងប្រកបដោយជំហរលះបង់ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុតផងដែរ។
សម្តេចតេជោមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាដ៏កម្សត់នេះធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ ឥឡូវនេះ កម្ពុជា បានងើបឈរឡើងវិញប្រកបដោយភាពស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេស។ យើងត្រូវការបំផុតនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយ»។
នៅក្នុងចំណុចនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា៖ «សកម្មភាពវាយប្រហារខុសច្បាប់ ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាយើងមានសុឆន្ទៈក្នុងការដោះ ស្រាយបញ្ហាយ៉ាងណាក្តី»។
ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា៖ «ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងនូវ ជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន នៅចំណុចផ្សេងទៀត ក្រៅពីចំណុចទាំង៤ ដោយសន្តិវិធី ស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅឆ្នាំ២០០០»៕


