
សេអ៊ូល៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានបញ្ចប់ការសាងសង់តំបន់ទេសចរណ៍ដ៏ធំមួយនៅលើឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលគម្រោងដ៏សំខាន់មួយនេះមានការគាំទ្រពី លោក គីម ជុងអ៊ុនដែលបានប្រើរយៈពេលអស់ជាច្រើនឆ្នាំ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេសកូរ៉េខាងជើង។
ជាមួយនឹងការបិទបញ្ចប់គម្រោងដ៏មានមហិច្ឆតានេះ មេដឹកនាំកូរ៉េខាងជើង មានការពេញចិត្តជាខ្លាំង ដោយ លោក Kim បានចូលរួមក្នុងពិធីសម្ពោធសម្រាប់តំបន់ទេសចរណ៍ឆ្នេរ Wonsan Kalma ដែលអាចផ្ទុកអ្នកទស្សនាបានប្រហែល 20,000 នាក់ ហើយលោកក៏បាននិយាយថា ប្រទេសនេះនឹងសាងសង់តំបន់ទេសចរណ៍ទ្រង់ទ្រាយធំបន្ថែមទៀតយ៉ាងឆាប់រហ័ស។
ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលវិស័យទេសចរណ៍គឺជាប្រភពសាច់ប្រាក់ដ៏តូចចង្អៀតមួយសម្រាប់ប្រទេសកូរ៉េខាងជើង រដ្ឋផ្ដាច់ការមួយនេះ មិនមានដៃគូបរទេសសំខាន់សម្រាប់សហការក្នុងគម្រោងសាងសង់តំបន់ទេសចរណ៍នោះទេ។
ម្យ៉ាងវិញទៀតចំពោះ តំបន់ទេសចរណ៍ឆ្នេរ Wonsan Kalma នេះនឹងបើកសម្រាប់តែភ្ញៀវក្នុងស្រុកប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី ១ ខែកក្កដា តទៅ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួននៅឆ្នាំ 2020 នៅពេលចាប់ផ្តើមនៃជំងឺរាតត្បាត ប៉ុន្តែប្រទេសនេះបាននឹងកំពុងដកការរឹតបន្តឹងបន្តិចម្តងៗ ចាប់តាំងពីឆ្នាំ 2023 មក។
ប្រទេសនេះ បានអនុញ្ញាតឱ្យតែក្រុមទេសចរណ៍រុស្ស៊ីចូលប៉ុណ្ណោះ ប៉ុន្តែចំពោះរដ្ឋធានី និងផ្នែកផ្សេងទៀតនៃប្រទេសនេះវិញ នៅតែបន្តបិទសម្រាប់ទេសចរណ៍ធម្មតាដដែល បើទោះបីជានៅក្នុងខែមេសា កន្លងទៅ កូរ៉េខាងជើងបានប្រារព្ធព្រឹត្តិការណ៍ម៉ារ៉ាតុងដែលទទួលអ្នករត់បរទេសក៏ដោយ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ កាន់តែខិតជិតគ្នា ខណៈកូរ៉េខាងជើង បានដាក់ពង្រាយទ័ពរាប់ពាន់នាក់ និងផ្គត់ផ្គង់គ្រាប់រំសេវ កាំភ្លើងធំ និងមីស៊ីល បញ្ជូនឲ្យរុស្ស៊ីសម្រាប់ធ្វើសង្គ្រាមជាមួយអ៊ុយក្រែន៕
