2025-06-28 13:19
6

ថៃ៖ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៥ នេះ ក្រុមហ្វូងមនុស្សជាច្រើនដែលជាសម្ព័ន្ធប្រជាជនដើម្បីការពារអធិបតេយ្យភាព (CPT) បានប្រមូលផ្ដុំគ្នានៅឆាកវិមានជ័យជម្នះ នាវេលាម៉ោងប្រហែល ១០ ព្រឹក នេះ។ ដែលមានការដឹកនាំដោយលោក Jatuporn Prompan អតីតមេដឹកនាំអាវក្រហម, លោក Panthep Puapongpan, លោក Nititorn Lamlue និងលោក Pichit Chaiyamongkol មេដឹកនាំក្រុម CPT ។

លោក Pichit Chaiyamongkol មេដឹកនាំ CPT បានផ្តល់បទសម្ភាសន៍ ខណៈលោកបានដឹកនាំហ្វូងមនុស្សដោយថ្មើរជើង ទៅចូលរួមបាតុកម្មនៅវិមានជ័យជំនះថា គោលបំណងដែលលោកធ្វើបែបនេះ ដើម្បីទាមទារចំនួន ៣ ចំណុចពីរដ្ឋាភិបាលថៃ៖ ទី១.នាយករដ្ឋមន្ត្រីត្រូវតែលាលែងពីតំណែង។ ទី២. ភាគីរដ្ឋាភិបាលចម្រុះត្រូវតែដកខ្លួនចេញ។ និងទី៣. ការបង្ហាញកម្លាំងដើម្បីការពារអធិបតេយ្យភាពជាតិ។

មេដឹកនាំសម្ព័ន្ធប្រជាជនដើម្បីការពារអធិបតេយ្យភាព (CPT) ខាងលើ បានបន្តថា ប្រសិនបើមនុស្សជាច្រើនចូលរួមបាតុកម្ម នោះសម្ពាធនឹងងាកមករករដ្ឋាភិបាលខ្លួនឯង ព្រោះអ្វីដែលពួកគេកំពុងទាមទារ គឺឲ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ទទួលខុសត្រូវចំពោះវីដេអូដែលបានបែកធ្លាយជាមួយប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាបញ្ហាជាតិដ៏សំខាន់។ ហើយបើ លោកស្រី ផែថងថថាន ត្រូវទទួលខុសត្រូវ លោកស្រីត្រូវតែបង្ហាញស្មារតីលាលែងពីតំណែង។ លើសពីនេះប្រសិនបើនាយករដ្ឋមន្រ្តីរូបនេះនៅតែរឹងរូស នោះវិធានការសម្រាប់ចលនានាពេលអនាគតនឹងត្រូវរៀបចំផែនការបន្ទាប់។ មេដឹកនាំរូបនេះលើកឡើងទៀតថា លើកនេះបាតុកម្មនៅវិមានឈ្នះឈ្នះ លើកក្រោយ ពួកគេប្រហែលជាត្រូវបោះជំរំនៅស្ពាន Makkhawan Rangsan ទល់មុខវិមានរដ្ឋាភិបាលវិញម្ដង ប្រសិនជា លោកស្រី ផែថងថាន នៅតែប្រកាន់ជំហមិនព្រមលាលែងពីតំណែង។

អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ លោក Pichit Chaiyamongkol មេដឹកនាំក្រុម CPT បានអំពាវនាវដល់ប្រជាពលរដ្ឋថៃផ្សេងទៀតថា បើមិនចង់ឲ្យមានការកក់ស្ទះចរាចរណ៍ទេ ប្រជាពលរដ្ឋផ្សេងទៀតគួរតែចូលរួមបាតុកម្ម។ 

សូមជម្រាបឲ្យដឹងថា ចំពោះការចូលរួមបាតុកម្មលើកនេះ គឺមានពលរដ្ឋថៃមកពីទូទាំងប្រទេស និងតាមបណ្ដាខេត្តនានាជាច្រើនទៀត ដែលបានបង្ហាញពីស្មារតីចង់ចូលរួម។ ដែលពួកគេអះអាងថា គឺជាបាតុកម្មដើម្បីការពារអធិបតេយ្យភាពជាតិ មិនមែនជាបាតុកម្មនយោបាយទេ ប៉ុន្តែជាការប្រមូលផ្តុំដើម្បីប្រទេសជាតិ និងស្រឡាញ់ជាតិ៕