2025-06-29 11:38
9

(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី២៧ មិថុនា កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹង «ដោះស្រាយជម្លោះជាមួយកូរ៉េខាងជើង»។

ថ្លែងក្នុងអំឡុងពិធីមួយនៅការិយាល័យពងក្រពើ ជាកន្លែងដែល ត្រាំ បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការដោះស្រាយជម្លោះជាសកល លោក Trump បាននិយាយថា “ខ្ញុំមានទំនាក់ទំនងល្អជាមួយលោក គីម ជុង អ៊ុន (Kim Jong Un) និងបានរួមរស់ជាមួយគាត់ ពិតជាអស្ចារ្យណាស់។ ដូច្នេះយើងនឹងឃើញមានអ្វីកើតឡើង។”

ផ្ទុយទៅវិញ យោងតាមគេហទំព័រ NK News ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ដែលជាគេហទំព័រដែលតាមដានប្រទេសកូរ៉េខាងជើងបានរាយការណ៍ក្នុងខែនេះថា គណៈប្រតិភូកូរ៉េខាងជើង នៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កបានបដិសេធម្តងហើយម្តងទៀតក្នុងការទទួលយកសំបុត្រពីលោក Trump ទៅកាន់លោក Kim ។

ហើយអ្វីដែលយើងបានដឹងនោះ រវាង លោក ត្រាំ និង គីម ជុង អ៊ុន បានបើកកិច្ចប្រជុំកំពូលជាមួយគ្នាចំនួនបីដងប៉ុណ្ណោះក្នុងអំឡុងពេលអាណត្តិទីមួយរបស់ ត្រាំ នាអំឡុងឆ្នាំ 2017-2021 ដោយទំនាក់ទំនងរបស់មេដឹកនាំកំពូលទាំងពីររូបនេះ បានបែកបាក់ដោយសារតែការទាមទាររបស់សហរដ្ឋអាមេរិកឱ្យ គីម ជុង អ៊ុន បោះបង់អាវុធនុយក្លេអ៊ែររបស់គាត់។ 

ប៉ុន្តែនៅក្នុងអាណត្តិទីពីររបស់ខ្លួន លោក Trump បានទទួលស្គាល់ថា កូរ៉េខាងជើងគឺជា "មហាអំណាចនុយក្លេអ៊ែរ" ។ ដោយនៅឯសេតវិមាន ត្រាំ ធ្លាប់បាននិយាយកាលពីថ្ងៃទី 11 ខែមិថុនា កន្លងទៅថា គាត់នឹងស្វាគមន៍ការទំនាក់ទំនងម្តងទៀតជាមួយ លោក Kim ។ 

យោងតាមការចេញផ្សាយដោយរ៉យទ័របានឲ្យដឹងថា កូរ៉េខាងជើងហាក់មិនបានបង្ហាញការចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅកិច្ចចរចាជាមួយអាមេរិកវិញទេ ចាប់តាំងពីការមានការបែកបាក់ផ្នែកការទូតជាមួយ លោក Trump ក្នុងឆ្នាំ ២០១៩ មកម្ល៉េះ។ ផ្ទុយទៅវិញ កូរ៉េខាងបែរជាពេលមកពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួនយ៉ាងសំខាន់ និងបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី តាមរយៈការគាំទ្រដោយផ្ទាល់សម្រាប់សង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន ដែលទីក្រុងព្យុងយ៉ាងបានផ្តល់ទាំងកងទ័ព និងសព្វាវុធ៕